អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរ ០២នាក់ ទៅតុលាការ!

84

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

១/ ឈ្មោះ សេង ចិន្តា ហៅហ៊ា ភេទប្រុស អាយុ ២៦ឆ្នាំ
២/ ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ

ជនសង្ស័យទាំង ០២នាក់ នេះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨:២០នាទី នៅចំនុច ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេទាំង ០២នាក់ ជាអ្នកអូសរទេះរើសអេតចាយ ព្រមទាំងបន្លំលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋផងដែរ។ មុនពេលឃាត់ខ្លួន ពួកគេកំពុងអូសរទេះរើសអេតចាយ ស្រាប់តែ ឃើញផ្ទះមួយកន្លែងចាក់សោរគ្មានម្ចាស់នៅ ពួកគេបានយកញញួរទៅវាយសោរផ្តាច់ដើម្បីចូលលួចទ្រព្យសម្បត្តិ ក្នុងពេលនោះលឺសម្លេងដល់ប្រជាពលរដ្ឋដែលនៅក្បែរចេញមកមើលពួកគេក៏បានបន្លំធ្វើជាអូសរទេះរើសអេតចាយបន្តទៀត បន្ទាប់មកពួកគេបានឃើញបន្ទប់ជួលប្រហែល៥បន្ទប់ គ្មានម្ចាស់នៅ ក៏បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ចូល លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្គូពី ពណ៍ស ស្លាកលេខ ភ្នំពេញ 1CZ-1310 និងធុងបាស ០១គ្រឿងទៀត។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេង ចិន្តា ហៅហ៊ា បានសារភាពបន្ថែមទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ១ឆ្នាំកន្លះ និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល៥ខែ ,រីឯឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ក៏ធ្លាប់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល៥ខែមកហើយដែរ៕