រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បើកវគ្គហ្វឹកហាត់ សម្រកទម្ងន់និងសម្រកក្បាលពោះ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាលើកទី៣ ដែលមានសមាជិកជាប់ឈ្មោះត្រូវចូលរួមហ្វឹកហាត់ចំនួន ១៨១ នាក់ បានជ្រើសរើសចេញពីអាវុធហត្ថរាជធានីភ្នំពេញទាំងមូល។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់ថា កម្មវិធីសម្រកទម្ងន់និងសម្រកក្បាលពោះលើកទី៣នេះ គឺធ្វើឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ព្រោះថាការសម្រកទម្ងន់ ឬ ការសម្រកក្បាលពោះ គឺដើម្បីមានតុល្យភាពរាងកាយ ជៀសវាងបាននូវជម្ងឺផ្សេងៗដែលបណ្តាលមកពីការលើស ទម្ងន់ឬការធាត់ខ្លាំង។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានស្នើឲ្យសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ ត្រូវចូលរួមហ្វឹកហាត់ ក្នុងកម្មវិធីសម្រកទម្ងន់និងសម្រកក្បាលពោះនាពេលនេះទាំងអស់ សូមមានភាពអំណត់អត់ធ្មត់ឲ្យបានច្រើន កុំធុញទ្រាន់ កុំខ្ជិល មិនថារបបអាហារ ឬ លំហាត់ប្រាណ ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់គ្រូឧទ្ទេស។
ការជ្រើសអ្នកលើសទម្ងន់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តន៍ គឺមិនមែនគ្រាន់តែពិនិត្យនឹងភ្នែក ចំពោះអ្នកធាត់ឬអ្នកដុះក្បាលពោះនោះទេ ការជ្រើសរើសនេះធ្វើឡើងតាមរយៈការវាស់កម្ពស់និងថ្លឹងទម្ងន់ ដោយរកសន្ទស្សន្ទតុល្យភាពរាងកាយ តាមរូបមន្ត ទម្ងន់គិតជាគីឡូក្រាម ចែកឲ្យ កំពស់គិតជាម៉ែត្រស្វ័យគុណ២ ប្រើសិនបើលទ្ធផលនៅចន្លោះ18.6 ដល់ 24.9 ចាត់ទុកថាមានសុខភាពល្អ, បើលទ្ធផលចន្លោះ 25ដល់29.9 ចាត់ទុកថាលើសទម្ងន់ តែបើលទ្ធផលធំជាង30 ចាត់ទុកថាជាអ្នកធាត់គួរឲ្យបារម្ភ ដូច្នេះអ្នកដែលជាប់ឈ្មោះជា អ្នកលើសទម្ងន់ អ្នកធាត់ និងអ្នកដុះក្បាលចុះ គឺត្រូវមានឈ្មោះ ចូលរួមហ្វឹកហ្វាត់៕