រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ូ រតនា ហៅប៊ូ ស្វា ភេទប្រុស អាយុ ២៥ឆ្នាំ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីរូបគេបានប្រើល្បិចបោកយកម៉ូតូ ០២គ្រឿងម៉ាក Beat ពណ៍ខៀវ លាយស ស្លាកលេខ កណ្តាល 1AA-0305(ប្រគល់ជូនម្ចាស់ដើមវិញ) ជាម៉ូតូរបស់បងប្អូនជីដូនមួយ ជនសង្ស័យ ខាងលើ និងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1FU-1871 របស់ឈ្មោះ មាស ថុនា (ជនរងគ្រោះ) ដែលទើបស្គាល់គ្នាយកទៅបញ្ចាំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ លុះរហូតដល់វេលាម៉ោង២៣:១០នាទី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុច ក្លឹបម៉ារីន ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។
តាមចម្លើយសារភាព ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានប្រាប់ឲ្យដឹងថា ខ្លួន និងជនរងគ្រោះទើបតែស្គាល់គ្នាបានប៉ុនមាណម៉ោងប៉ុណ្ណោះ តាមរយៈឈ្មោះ និត នៅផ្ទះសំណាក់មួយកន្លែង ផ្លូវ២០០៤ បន្ទាប់មកក៏បានបួលគ្នាទៅដើរលេងផឹកស៊ីនៅក្នុងក្លឹបជិតស្ពានជ្រោយចង្វារ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាកស្កូពី ពណ៍ក្រហម របស់ឈ្មោះ សម្បត្តិ និងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះ លុះពេលផឹកស៊ីដល់ម៉ោង១២យប់ ខ្លួនបានខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាទៅយកសង្សារនៅម្តុំទួលគោក មួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ សម្បត្តិ បានជិះម៉ូតូមកតាមខ្លួនដែរ ហើយបានយកម៉ូតូរបស់ជនរងគ្រោះ ពីខ្លួន ដោយប្រាប់ថាទៅយកសង្សារវាដែរ ហើយខ្លួនក៏បានទាក់ទងតាមទូរស័ព្ទទៅឈ្មោះ សម្បត្តិ ដែរ តែមិនអាចទាក់ទងបាន។
រូបគេ បានប្រាប់បន្ថែមទៀតថា ក្នុងសាវតាជាតិរបស់គេ គឺធ្លាប់ជាប់ពន្ធនាគារព្រៃ ស រយៈពេល ០៣ឆ្នាំ កាលអំឡុងឆ្នាំ២០១២ ពីបទលួច មានស្ថានទម្ងន់ទោស(ប្លន់) និងប្រើប្រាស់គ្រឿងញៀន រយៈពេល ០៧ឆ្នាំ គិតដល់បច្ចុប្បន្ន៕