វិន័យ សណ្តាប់ធ្នាប់ ក្រមសីលធម៌ សុជីវធម៌ គុណធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ គឺជាការប្តេជ្ញារបស់កងកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ដែលអនុវត្តតាមគំរូដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដើម្បីជាការលើកទឹកចិត្ត និង ឆ្លើយតបទៅនឹងការប្តូរផ្តាច់បំពេញការងារអស់ពីកម្លាំងកាយចិត្ត របស់កងកម្លាំង ជានិច្ចកាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្ត្រ ដោះស្រាយគោលនយោបាយ ជួយសម្រាល ទុក្ខលំបាក របស់សាមីខ្លួន ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ តាមលទ្ធភាព និង ស្ថានភាពជាក់ស្តែង ជាបន្តបន្ទាប់រហូតមក ។
ជាថ្មីម្តងទៀត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនរួមមាន៖ ថវិកា ២លានរៀល, ភេសជ្ជៈ 04 កេះ, ទឹកសុទ្ធ 04 កេះ, ផ្លែឈើ១ កន្ត្រក ទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ជា ច័ន្ទឡា ជំនួយការ ការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺ ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត៕