នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង សេនាធិការរង មេបញ្ជាការ អាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប ចុះសួរសុខទុក្ខ ឯកឧត្តម ឌឿក សាមាន អតីតជាមេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលនិវត្តន៍ និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ មានជម្ងឺ គ្រោះក្នុងតម្រងនោមធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ក្នុងឱកាសសួរសុខទុក្ខ នេះផងដែរ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំយកថវិកាចំនួន១០លានរៀល ផ្លែឈើមួយកន្ត្រក ភេសជ្ជៈ០៦កែស ប្រគល់ជូនឯកឧត្តម ឌឿក សាមាន ដើម្បីជាអំណោយសួរសុខទុក្ខ និងជាការចែករំលែកសម្រួលបន្ទុកព្យាបាលក្នុងគ្រួសារ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ការចុះសួរទុក្ខ ឯកឧត្តម ឌឿក សាមាន គឺជាមនោសញ្ចេតនា របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលធ្លាប់ជាមិត្តរួមការងារជាមួយគ្នា ដូចដែលអាវុធហត្ថរាជធានីភ្នំពេញ តែងអនុវត្តជាប្រចាំកន្លងមកចំពោះមិត្តរួមការងារដ៏ទៃទៀតផងដែរ៕