រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឱ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងទៅគោរពវិញ្ញានក្ខន្ធ លោកអនុសេនីយ៍ឯក ចក់ សុខុម ជំនួយការការិយាល័យបុគ្គលិក នៃមន្ទីររដ្ឋបាល-ហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅគេហដ្ឋានរបស់សពនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១៩:០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរព្រះកេតុមាលា ដោយជម្ងឺបេះដូង។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល ក៏បានពាំនាំការផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពទាំងមូលដែលបាត់បង់ ប្តី ឪពុក បងប្អូនជាទីស្រលាញ់របស់ខ្លួន ដែលជាជំហរគ្រួសារត្រូវឃ្លាតទៅគ្មានថ្ងៃត្រលប់មកវិញ ក៏ដូចជាគ្រួសារអាវុធហត្ថរាជធានីភ្នំពេញ ទាំងមូលដែលត្រូវ បាត់បង់មិត្តរួមការងារ។
ជាមួយគ្នានោះផងដែរ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរដល់លោកអនុសេនីយ៍ឯក ចក់ សុខុម ដែលជាមិត្តរួមការងារ ជាលើកចុងក្រោយដោយ ក្រៀមក្រំអាលោះអាល័យជាទីបំផុត៕