នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០១គ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ 1HV-1525 ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០១គ្រឿងខាងលើនេះ មិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃដដែលនេះ ត្រូវបានម្ចាស់ឈ្មោះ ជួប ដានី ភេទស្រីអាយុ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៨ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញហើយ។ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពកាត់សោរផ្ទះចូលលួចម៉ូតូរបស់ចំនួន០៣គ្រឿង និងកង់ចំនួន០១គ្រឿង កាលពីយប់ថ្ងៃទី០៣ ឈានចូល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានលួចទៅ ហើយនោះ មកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យខ្លួនមានការភ្ញាក់ផ្អើល និងរំភើបបំផុត មិននឹកស្មានថា នឹងអាចរកម៉ូតូ០១គ្រឿង របស់ខ្លួននេះឃើញមកវិញឡើយ៕