កាលពីយប់ម៉ោង ៧និង៥០នាទី ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ នៅចំណុចហាងម៉ាស្សាកោសជប់ ឈ្មោះ(លី លី) ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឈ្លោះប្រកែកគ្នារវាងភ្ញៀវជាមួយនារីម៉ាស្សាឈានទៅដល់ការផ្ទុះអាវុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញពីហាងម៉ាស្សា ព្រោះតែគ្មានលុយឲ្យថ្លៃម៉ាស្សា បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ជាខ្លាំង។
រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គឺរយៈពេល៦ថ្ងៃ ជនដៃដល់ដែលជាខ្មាំន់កាំភ្លើង ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ធ្វើការកំណត់មុខសញ្ញាដែលរត់គេចខ្លួនទៅខេត្តកោះកុង ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ តែម្តង។
តាមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា បានសារភាពឲ្យដឹងថា ដើមហេតុដែលនាំឲ្យរូបខ្លួនបាញ់នោះគឺដោយសារដំបូងឡើយ នៅថ្ងៃកើតហេតុ រូបគេមិនស្រួលខ្លួនរសេះរសោះ ក៏សម្រេចចិត្តទៅកោសខ្យល់នៅហាងម៉ាស្សាខាងលើ នៅពេលដែលចូលដល់ក្នុងបន្ទប់រូបខ្លួនបានដោះអាវឲ្យគេកោសខ្យល់ស្រាប់តែនារីកោសខ្យល់ដែលចូលក្នុងបន្ទប់ជាមួយ បានស្ទាបអង្អែលខ្លួនប្រាណ និងលូកដៃចាប់ប្រដាប់ភេទរបស់ខ្លួន ហើយរូបខ្លួនក៏មើលមុខនារីនោះដឹងថាជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) រូបខ្លួនមិនចូលចិត្តក៏បានហាមឃាត់និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយប្រតប់គ្នាដាច់ឡេវអាវរហែកនិងដាច់សាច់បំពង់ក ព្រោះតែនារីខ្ទើយនោះខ្វាចនឹងក្រចក ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានចេញក្រៅបន្ទប់ បម្រុងយកម៉ូតូចេញពីកន្លែងកើតហេតុ តែអ្នកនៅហាងមិនព្រមឲ្យយកម៉ូតូចេញ និងទាមទារលុយចំនួន១០ម៉ឺនរៀល ហើយរូបខ្លួនសុំសម្រួលត្រឹម១ម៉ឺន៥ពាន់រៀល តែអ្នកនៅហាងម៉ាស្សានោះមិនព្រម ទើបពេលនោះរូបខ្លួនខឹងខ្លាំង ក៏សម្រេចចិត្តទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គម្រាមនៅកន្លែងកោសខ្យល់ចំនួន ០៦គ្រាប់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។ ក្រោយពេលបាញ់រួចរូបខ្លួនបានយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យមានគេដឹង រួចក៏ទៅសម្ងំលាក់ខ្លួនគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ១យប់ បន្ទាប់មកគេចទៅលាក់ខ្លួននៅខេត្តឧត្តមមានជ័យ៤ថ្ងៃ ក្រោយមកបានប្តូរមកលាក់ខ្លួននៅខណ្ឌឬស្សីកែវវិញបាន០២ថ្ងៃ ចុងក្រោយបានរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ ទោះបីជនសង្ស័យមានភាពវៃឆ្លាតយ៉ាងណាមុននិងក្រោយ នៅតែមិនអាចរត់រួចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចដដែល៕