អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០២នាក់ ទៅតុលាការ!

13

នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទ)។

១/ ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ
២/ ឈ្មោះ ថោង រតនា ហៅម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ

ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៧:៥០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច មុខផ្ទះលេខ១៧១ ផ្លូវ២៨២ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 6 ពណ៍ខ្មៅ របស់ប្រជាពលរដ្ឋ ដែលដាក់សាកថ្ម នៅហាងលក់កាហ្វេចំណុចខាងលើ តែត្រូវបានម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានដេញតាមចាប់ពួកគេ ភ្លាមនោះពួកគេបានយកកាំបិតចុងស្រួចមួយដែលទុកជាប់ខ្លួន បំរុងចាក់លើប្រជាពលរដ្ឋដែលនៅក្បែរនោះ តែត្រូវបានកម្លាំងល្បាតអាវុធហត្ថបឹងកេងកង ចុះទៅទាន់ ក៏ធ្វើការ ឃាត់ខ្លួនទាំង០២នាក់ តែម្តង។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង ០២នាក់ បានប្រាប់ឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៥ ពួកគេធ្លាប់ជាប់មណ្ឌលកែប្រែ ព្រៃស្ពឺ រយៈពេល ០៦ខែ ដោយសាររូបគេ ហិតកាវ ជារៀងរាល់ថ្ងៃ លុះចេញពីមណ្ឌលមកវិញ ពួកគេទាំង ០២នាក់ បានទាក់ទងដើរជាមួយគ្នា ដើម្បីធ្វើសកម្មភាពលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋជាប្រចាំ និង ប្រើប្រាស់គ្រឿងញៀនជាមួយគ្នា រយៈពេល ០១ឆ្នាំ កន្លងមកហើយ រាល់ពេលចេញធ្វើសកម្មភាពលួច ពួកគេតែងដាក់កាំបិតចុងស្រួចទុកជាប់ខ្លួនរហូត ទុកសម្រាប់គម្រាមម្ចាស់របស់ ពេលណាដែលម្ចាស់តាមទាន់៕