រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយបានទទួលការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមនាយទាហាន សេនាធិការ នាយកដ្ឋានកិច្ចការអាស៊ី នៃការិយាល័យ សហប្រតិបត្តិការយោធាអន្តរជាតិ នៃគណកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន ដែលអញ្ជើញ ចុះមកស្វែងយល់ពីសកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ។
ជាកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញជូនប្រតិភូដើរទស្សនា នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មធ្យោបាយសម្ភារៈ របស់អង្គភាព និងសកម្មភាពការងារប្រចាំថ្ងៃជាច្រើន របស់អាវុធហត្ថរាជធានីភ្នំពេញ ធ្វើឲ្យគណៈប្រតិភូមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាល បង្ហាញបទពិសោធន៍ការងារជូនដល់គណៈប្រតិភូ និងបានឆ្លៀតលើកយកចម្រៀងមួយបទ ដែលលោកបានផ្តួចផ្តើមនិពន្ធឡើង ដើម្បីចូលរួមអបអរសាទរ ចំពោះជោគជ័យនៃយុទ្ធនាការ បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មកបង្ហាញជូនគណៈប្រតិភូទស្សនា ដែលបទចម្រៀងនោះ គឺបានរៀបរាប់ពីគុណសម្បត្តិ របស់ក្រមាកម្ពុជា ដែលអាចចាត់ទុកថា ជាអត្តសញ្ញាណជាតិ និងជាមរតក៌ល្អប្លែកមួយ ក្នុងចំណោមមរតក៌ល្អឯកជាច្រើនរបស់ដូនតាខ្មែរ មានតាំងពីបុរាណមក និងបានជូនភ្ជាប់ជាមួយក្រមា ជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូ ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត៕