រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកសម្ភោតឲ្យដំណើរការនូវ បន្ទប់ពិនិត្យនិងព្យាបាលមាត់ធ្មេញដ៌ទំនើបពុំធ្លាប់មានពីមុនមក ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការគាំទ្រ ពីលោកទន្តបណ្ឌិត ទិត ហុងយឺ ក្រុមគ្រូពេទ្យ និង បុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្នុងការជួយឧបត្ថម្ភ និង ជួយរៀបចំឲ្យមានបន្ទប់ព្យាបាលមាត់ធ្មេញ បំពាក់ឧបករណ៍ សម្ភារ:ពិនិត្យនិងព្យាបាលមាត់ធ្មេញដ៏ទំនើប ព្រមទាំងបានដាក់កម្មវិធីចុះមកជួយពិនិត្យ អប់រំ និងព្យាបាលជំងឺ មាត់ធ្មេញ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាប្រចាំរៀងរាល់សប្តាហ៍។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំ ការការពារនិងការព្យាបាលជំងឺមាត់ធ្មេញ ជាពិសេសចំពោះ មន្ត្រីក្រោមឱវាទគ្រប់រូប ដោយលោកតែងលើក យកបញ្ហាសុខភាព មកដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដាននិងពិនិត្យសុខភាពជាប្រចាំ ត្រូវដុសសម្អាតធ្មេញរៀងរាល់ ក្រោយពេលញុំាអាហាររួច និងកុំញុំាអាហារ ភេសជ្ជៈផ្អែមញឹកញាប់ពេក។
លោកទន្តបណ្ឌិត ទិត ហុងយឺ មានប្រសាសន៌ថាមនុស្សភាគច្រើនគិតថា ការឈឺធ្មេញ ឈាមតាមអញ្ចាញធ្មេញ ធុំក្លិនមាត់ គឺជារឿងធម្មតា មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែតាមពិត រោគពុកធ្មេញនិង ជម្ងឺអញ្ជាញធ្មេញ ជាជំងឺរីករាលដាលទៅ ជាលិកាជុំវិញធ្មេញ បង្កឲ្យមានខ្ទុះ ក្លិនមាត់អាក្រក់ រួចដំបៅ រីករាលដាលដល់កោសិកាផ្សេងទៀត ដូចជាសាច់ដុំ រន្ធឆ្អឹងលលាដ៌ក្បាល Sinus ថែមទាំងចូលក្នុង ប្រព័ន្ធឈាម និងបេះដូង រួចឆ្លងចូលទៅក្នុង ប្រពន្ធ័ សរសៃប្រសាទ ហើយអាចបង្ករអោយស្លាប់បាត់បង់ជីវិតបានបើមិនមានពេទ្យជំនាញជួយសង្គ្រោះទាន់ពេលវេលា។ លើសពីនេះទៅទៀត ការថែទាំព្យាបាលធ្មេញនៅដំណាក់កាលដំបូង កុំអោយបាត់បង់ធ្មេញ អាចបញ្ឈប់បញ្ហារធ្ងន់ធ្ងរផ្សេងៗនៅពេលខាងមុខបាន ដូចជាជំងឺក្រពះ ថ្លើម បេះដូង តំរងនោម សរសៃប្រសាទ ទឹកនោមផ្អែម.. ។ ល។ និង។ ល។ ដែលទាំងអស់នេះសុទ្ធតែជាជម្ងឺ ដែលត្រូវចំណាយប្រាក់កាសច្រើនដើម្បីព្យាបាល។ ដូច្នេះការថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អ គឺជាការចាំបាច់ខ្លាំងណាស់៕