រាជធានីភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ដល់មន្ត្រី ការិយាល័យជំនាញ និង មូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១២ ដើម្បីដាស់តឿនរំលឹកនិងពង្រឹង នូវនិតិវិធី ក្នុងការអនុវត្តច្បាប់ ព្រមទាំងដាក់ចេញនូវផែនការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកបន្ថែមដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការរៀបចំ សេដ្ឋកិច្ចគ្រួសារ ថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាពឲ្យបានទៀងទាត់ ជាពិសេសត្រូវទៅឲ្យគ្រូពេទ្យពិនិត្យសុខភាពយ៉ាងហោចណាស់មួយឬពីរដងក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសប្រជុំផ្សព្វផ្សាយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតផ្តិតនូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុច របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជធាណាចក្រកម្ពុជា ចែកជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាទីបញ្ជាការរាជធានីផ្ទាល់ ដើម្បីយកទៅដាក់តាំងជានិមិត្តរូប ក្នុងការដាស់តឿនក្រើនរំលឹក ដល់កិច្ចអនុវត្តិ ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលរួមមានខ្លឹមសារដូចខាងក្រោម៖
- បាវចនា ០២
១. កែទម្រង់ខាងក្នុង
២. បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ - អភិក្រម ០៥
១. ឆ្លុះកញ្ចក់
២. ងូតទឹក
៣. ដុសក្អែល
៤. ព្យាបាល
៥. និងវះកាត់ - អនុសាសន៍ ១០ចំណុច
១- ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិ របស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន,
២- រួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើងទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពដែលរកបានដោយលំបាក,
៣- ខិតខំប្រយុទ្ធប្រឆាំងភេវរកម្ម និងវាយកំទេចចោលឲ្យទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយ:មធ្យោបាយមិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ ។ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រិតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ ។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ,
៤- សូមឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិសេសពេលមាន គ្រោះមហន្តរាយ កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយត្រូវមើលត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ ប្រជាពលរដ្ឋ ដែលមានការលំបាក ខិតខំធ្វើ នូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជន ដែលមានជីវភាពក្រីក្រជួបការលំបាក ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង,
៥- ត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដ៏ទៃទៀត។ កងទ័ពទាំងអស់ ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើ នោះទេ។ ចូលរួមរក្សានូវត្រី ធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមនឹងអំពើអសកម្មនានា ទាក់ទងនឹងវិស័យ ជលផលដែលធ្វើការនេសាទដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សា នូវធនធានធម្មជាតិដ៏ទៃទៀត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៦- គាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ និង ឧក្រិដ្ឋកម្មឆ្លងដែន ។ ត្រូវរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬ អង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា,
៧- ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារៈកាន់តែទំនើប បើមនុស្សមិនទំនើប គឺស្មើនិងគ្មានសម្ភារ:ទាំងនោះទេ ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ មានន័យថា ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និង ការស្លាប់នៅទីលានប្រយុទ្ធ ហើយសុំយកឱកាសនេះផ្តាំផ្ញើ សុំខិតខំសម្រកក្បាលពោះ,
៨- ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ព របស់់យើង ហើយត្រូវពិនិត្យវាជាប្រចាំ ត្រូវតែថែទាំឱ្យបានគត់មត់ដើម្បីធានាថា អាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅនៅពេលដែលមានការគឺចំគោលដៅ,
៩- យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដើម្បីឲ្យកងទ័ពយើងមានគ្រប់លក្ខណ:សម្បត្តិ និងថែទាំសុខភាព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ ត្រូវបន្តការយកចិត្តទុកដាក់មើលថែទាំថែមទៀតនូវជីវភាពរបស់កងទ័ព ហើយអង្គភាពនិមួយៗត្រូវម្ចាស់ការធ្វើខ្លួនឯង ដើម្បីបន្ថែមទៅលើរបបដែលរដ្ឋផ្តល់ជូន ដោះស្រាយការព្យាបាលឲ្យបានហ្មត់ចត់ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងនៅក្នុងជួរ ត្រូវយកចិត្តទុកដាក់ចំពោះកងទ័ពដែលបានចូលនិវត្តន៍តាមរយ:សមាគមអតីត:យុទ្ធជន។
១០- កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាង ទំនាក់ទំនងល្អជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក។ តាមរយៈទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋ ប្រសើរ ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គឺបានប្រសើរឡើង ៕