ចោរឆក់ ០២នាក់ ចូលគុកបានសម្រេច!

3

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

១/ ឈ្មោះ ផល ផានិត ហៅតួ ភេទប្រុស អាយុ ២១ឆ្នាំ ,
២/ ឈ្មោះ សុខ វង្ស ហៅក្តី ភេទប្រុស អាយុ ១៩ឆ្នាំ

ចោរឆក់ទាំង ០២នាក់ បានសារភាពឲ្យដឹងថា នៅមុនធ្វើសកម្មភាពរូបគេទាំង ០២នាក់ បានផឹកស៊ី និងជក់គ្រឿងញៀនជាមួយគ្នា នៅផ្ទះជួល ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់មកពួកគេទាំង ០២នាក់ បានជិះម៉ូតូទៅចេញពីផ្ទះជួល ដើម្បីទៅលេងនៅកោះពេជ្រ លុះពេលជិះដល់ចំណុចជិតស្ពានហង្សកោះពេជ្រ ក៏ឃើញជនជាតិចិន ០២នាក់ កំពុងដើរលើដងផ្លូវ និងមានកាន់កាបូបជាប់ដៃ រូបគេទាំង ០២នាក់ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកការបូបពីជនរងគ្រោះបានសម្រេច ហើយបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ស្របពេលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃើញ ក៏ប្រដេញតាមរហូតដល់ចំណុចផ្លូវលេខ២៤២ កែងផ្លូវព្រះមុនីវង្ស បានឃាត់ខ្លួនពួកគេទាំង ០២នាក់ តែម្តង៕