ជនឃោរឃៅ ០១នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

4

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង។ អំពើរនេះកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រ នៅចំណុច ផ្ទះលេខ១៣X ផ្លូវ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនឃោរឃៅ ០១នាក់ ដែលវីរវ៉ក់ និងគ្រឿងញៀន មានឈ្មោះ ចាន់ ផាន់ណារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ បានធ្វើសកម្មភាពយកស៊ាំងមកចាក់ដុតមាត់ទ្វាររបងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ ភេទប្រុស អាយុ ៣៦ ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យ បណ្តាលឲ្យឆាបឆេះរូលខ្លោចទ្វារផ្ទះ ផ្អើលដល់អ្នកជិតខាងដែលនៅក្បែរនោះ ចេញមកមើល និងជួយពន្លត់ តែជនសង្ស័យខាងលើបានគេចខ្លួនបាត់ទៅហើយ ក្នុងហេតុការណ៍ឆេះនោះ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។ មូលហេតុបណ្តាលឲ្យរូបគេដុតផ្ទះបងប្រុសរបស់ខ្លួន គឺមកពីសុំលុយគាត់ចាយមិនបាន ហើយរូបគេថែមទាំងបានប្រើពាក្យមិនសមរម្យប្រមាថគំរាមសម្លាប់បងប្រុសរបស់ខ្លួន និងប្រពន្ធ ថែមទាំងគំរាមដុតផ្ទះរបស់ក្រុមគ្រួសារ និងអុកឡុករំខានអ្នកដទៃផងដែរ។ ព្រោះតែមិនអាចទ្រាំនិងទង្វើររបស់ប្អូនប្រុសខ្លួនឯងបាន ទើបជនរងគ្រោះឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ឲ្យជួយស្រាវជ្រាវឃាត់ខ្លួន ទើបរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:១០នាទី រូបគេត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានតែម្តង នៅចំណុចភូមិកូនខ្ចី ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការសាកសួររបស់មន្រ្តីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ចាន់ ផាន់ណារ៉ា បានប្រាប់ឲ្យដឹងថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេល ០៦ឆ្នាំមកហើយ និងត្រូវបានបងប្រុសខ្លួនយកទៅមណ្ឌលបន្សាបគ្រឿងញៀនឳកាសខ្ញុំ ០៣ដង តែរូបគេមិនរាងចាល នៅតែបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀតដដែល ហើយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ រូបគេបានទៅសុំលុយបងប្រុសរបស់ខ្លួនចាយ តែគាត់មិនអោយ រូបគេបានខឹង និងបងប្រុសរបស់ខ្លួនក៏បានទិញស៊ាំង ០៣ដប់ទឹកសុទ្ធ ពីផ្សារដើមគរ យកមកចាក់ដុតផ្ទះបងប្រុសរបស់ខ្លួនបណ្តាលឲ្យឆេះទ្វារមុខផ្ទះ និងសំយាបផ្ទះ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ៕