ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនក្រុមចោរឆក់០៤នាក់ ទៅតុលាការ ដើម្បីធ្វើការ ផ្តន្ទាទោស បន្ទាប់ពីមន្ត្រីអាវុធហត្ថបានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ និងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ក្នុងការកសាងសំណុំរឿងដាក់បន្ទុកជនសង្ស័យទាំងនេះ។
ជនសង្ស័យឈ្មោះ លឹម យូទី អាយុ២៤ឆ្នាំ និងឈ្មោះប៉ូ លីន អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនកាលពី វេលាម៉ោងប្រមាណ០៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគេទាំង០២នាក់ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយពីនារីម្នាក់ជិះម៉ូតូគប់ជ្រុង នៅចំណុចផ្លូវ២៧១ មុខសាលារៀនមីគីវ៉េ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យ៉ាត ពិសី អាយុ២១ឆ្នាំ និងឈ្មោះ សុក ភត្រា អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១៨និង០០នាទីព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគេទាំង០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងរបស់ជនរងគ្រោះឈ្មោះ តុង ដានិត នៅចំណុចផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៧៨ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៤នាក់ខាងលើ គឺជាក្រុមចោរឆក់០២ក្រុមផ្សេងគ្នា និងធ្វើសកម្មភាពឆក់ក្នុងតំបន់ភូមិសាស្ត្រដាច់ដោយឡែកពីគ្នា តែបានចូលគុកជាមួយគ្នាក្នុងថ្ងៃតែមួយ ហើយពួកគេបានសារភាពថា មុនពេលចេញឆក់ពួកគេគឺបានប្រើប្រាស់ គ្រឿងញៀនរួចជាមុនសិន ទើបចេញធ្វើសកម្មភាពរកស៊ី ដោយជិះម៉ូតូរកមើលឱកាស ឆក់ទ្រព្យសម្បត្តិមានតម្លៃពីជនរងគ្រោះតាមដងផ្លូវ៕