ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់អាយុ៣១ឆ្នាំនិងកូនស្រីវ័យក្មេងអាយុ១៥ឆ្នាំ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ព្រោះតែសមត្ថកិច្ចបានទទួលពាក្យបណ្តឹងនិងធ្វើការស្រាវជ្រាវ រកឃើញថា ជនសង្ស័យទាំងពីរនាក់ខាងលើ ជាប់ពាក់ព័ន្ធករណីលួងលោមក្មេង ស្រីជាច្រើននាក់ ឲ្យទៅរួមរ័ក្សជាមួយជនបរទេស ក្នុងតម្លៃ២០០ដុល្លារមួយយប់។ ក្មេងស្រីឈ្មោះ ស.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ច.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ម.ត អាយុ១៤ឆ្នាំ, ក្មេងស្រីឈ្មោះ ល.ដ អាយុ១៤ឆ្នាំ សុទ្ធតែត្រូវបានជនសង្ស័យ០២នាក់ម្តាយកូនខាងលើធ្វើការលួងលោមឲ្យទៅរួមរ័ក្ស ជាមួយជនបរទេសដូចៗគ្នា ដោយជនសង្ស័យប្រាប់ថា នឹងទទួលបានប្រាក់ចំនួនពី ៥,០០០ ទៅ ១០,០០០ ដុល្លារព្រមទាំងទិញឡាននិងផ្ទះឲ្យថែមទៀត តែធាតុពិតគឺក្មេងស្រីឈ្មោះ ស.ណ និង ឈ្មោះ ច.ណ ធ្លាប់បានទៅរួមរ័ក្សជាមួយបរទេសរួចហើយ គឺទទួលបានប្រាក់ត្រឹមតែ២០០ដុល្លារក្នុងមួយយប់តែប៉ុណ្ណោះ ឯក្មេងស្រីពីរនាក់ទៀតឈ្មោះ ម.ត និងឈ្មោះ ល.ដ មិនទាន់បានទៅរួមរ័ក្សទេ ព្រោះត្រូវបានឪពុកម្តាយពួកនាងទាំងពីរ ប្តឹងមកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជួយស្រាវជ្រាវទាន់ពេលវេលាបន្ទាប់ពីពួកនាងបានបាត់ចេញពីផ្ទះអស់មួយយប់៕