អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមជួញដូរគ្រឿងញៀន០៨នាក់ទៅតុលាការ

11

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យ០៨នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និង រក្សាទុកគ្រឿងញៀន ត្រូវបានមន្ត្រីជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ បន្ទាប់ពីជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ និង កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវបង្ក្រាបបានជាក់ស្តែងជាបន្តបន្ទាប់។
ជនសង្ស័យទាំងនោះរួមមាន៖
១.ឈ្មោះ អ៊ាន អាន ហៅ ម៉ៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនបង្ក្រាបបាននា វេលាម៉ោង១៧និង០៧នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច មុខបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ ហង្ស ហេង ហៅ ត្រេន ភេទប្រុស អាយុ២០ឆ្នាំ និង ៣.ឈ្មោះ លន់ ផាត់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅ ស្រាវជ្រាវបង្ក្រាបបាននាវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច លើផ្លូវបេតុង ទល់មុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៤.ឈ្មោះ ធន ថៃ ភេទប្រុស អាយុ១៦ឆ្នាំ, ៥.ឈ្មោះ តុង ទី ភេទប្រុស អាយុ១៨ឆ្នាំ, ៦.ឈ្មោះ ផល តុលា ភេទប្រុស អាយុ ២២ឆ្នាំ, ៧.ឈ្មោះ ឃាង ខាវ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅ ស្រាវជ្រាវបង្ក្រាបបាននា វេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ផ្លូវបេតុងក្បែរកប់ស្រូវ និងក្នុងខ្ទមមិនរៀបរយ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៨.ឈ្មោះ ឌី ច័ន្ទសុភៈ ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវបង្ក្រាបបាននា វេលាម៉ោង ២២និង១០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានប្រមូលភស្តុតាងថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា ចំនួន១៦កញ្ចប់ និងកត់ត្រាចម្លើយសារភាព របស់ជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕