អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការប្រកួតកីឡាជាតិលើកទី២! 

26

ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធី បើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ការប្រកួតកីឡាជាតិលើកទី២ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» នឹងប្រព្រឹត្តទៅ រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករិនី និងគ្រូបង្វឹកចូលរួម សរុប ៤.១៦៣ នាក់ លើប្រភេទកីឡាចំនួន២៧ រួមមានវិញ្ញាសារចំនួន២៧៤ មកពីក្រសួង រាជធានី-ខេត្តចំនួន២៥។

ព្រមជាមួយគ្នានេះផងដែរ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែក លើសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ ដូចជា៖
– នាយចំណង់ ឃុន ឌីម៉ា សមាជិកវរអន្តរាគមន៍លេខ១ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេមឆ្នាំ២០១៧ លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរ បានចូលក្រាបបង្គំទទួលការព្រះរាជទាន ភ្លើងគប់តំណាងអត្តពលិកជាតិ ពីព្រះមហាក្សត្រ!
– នាយចំណង់ ឃុន ឌីម៉ា បានរត់កាន់ភ្លើងគប់អមដោយតារាបាល់ទាត់ឆ្នើមៗ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម រួមជាមួយកីឡាករក្បាច់គុណល្បុក្កតោចំនួន១០រូប ពីព្រះបរមរាជវាំង ជាមួយនឹងក្បួនម៉ូតូធំ ១២គ្រឿង តាមផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះមកពហុកីឡដ្ឋានជាតិ!
– កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ៣៧នាក់ បានចូលរួមសម្តែង ក្បាច់គុណតេក្វាន់ដូក្នុងកម្មវិធី
– កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ១០០១នាក់ បានចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលមកចូលរួមក្នុងកម្មវិធី ទាំងក្នុងទីកន្លែងប្រារព្ធពិធី និងទាំងនៅលើគ្រប់ដងផ្លូវចូលមកកាន់កម្មវិធី!
– កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានជួយសង្គ្រោះបឋម ដល់ប្អូនៗសិស្សសាលាមួយចំនួនដែលដួលសន្លប់ក្នុងកម្មវិធី!
– កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រមូលសំរាមដាក់ធុង ក្រោយពេលបញ្ចប់កម្មវិធីទាំងយប់!
– កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានជូនកុមារវង្វេងឪពុកម្តាយ ទៅដល់ទីលំនៅវិញដោយផ្ទាល់!
– ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឧបត្ថម្ភ ភេសជ្ជៈនិងទឹកដោះគោ ចំនួន៥០កែស ជូនដល់ក្រុមកីឡាករ មកពីខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ!

ក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ ក៏មានការរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើកកីឡាជាតិ រួមមានដូចជាការដង្ហែក្បួនព្យុះហយាត្រាប្រតិភូកីឡាតាមបណ្តាខេត្តនានា ការសម្តែងបែបសិល្បវប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការសម្តែងចលនាកាយសមស្របពីគរុសិស្សកីឡា ក្រុមកីឡាតេក្វាន់ដូ ការសម្តែងចលនាកាយកម្សាន្តចម្រៀង ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងការបាញ់កាំជ្រួចអបអរសាទរផដែរ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជា ភស្តុតាងជាក់ស្តែង ដែលបញ្ជាក់ថា៖
– កម្ពុជា កំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ!
– វិស័យកីឡានៃកម្ពុជា កំពុងមានការរីកចម្រើន ប្រកបដោយមោទនៈភាពជាតិ!
– ចំនួនអ្នកចូលរួមដ៏ច្រើនលើសលប់ គឺជាជនជាតិខ្មែរ ដែលបង្ហាញពីការរួបរួមសាមគ្គីជាធ្លុងមួយ លើកស្ទួយវិស័យកីឡាខ្មែរ ថែរក្សានិងលើកដម្កើង នូវកិត្យានុភាពជាតិ។
– ជនដែលមិនគាំទ្រព្រឹត្តិការណ៍នេះ និងប្រមាថដល់ព្រឹត្តការណ៍មួយនេះ គឺជាជនក្បត់ជាតិខ្មែរយ៉ាងពិតប្រាកដ !