សំណុំរឿង ប្រែរូប!

24

ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីបុរសម្នាក់ ឈ្មោះ ប៊ី សុខគង់ អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដោយប្តឹងចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត ពីករណីប៉ុងប៉ងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ។ ឈ្មោះ ប៊ី សុខគង់ បានរៀបរាប់ថា ដំបូងឡើយរូបខ្លួនទើបតែ លក់ដីនិងឡានបានលុយមួយចំនួន ក៏ពឹងពាក់ បុរសម្នាក់ឈ្មោះ ស្វិត (ជាកូនចៅចាស់ស្គាល់គ្នាជាង០២ឆ្នាំ) ឲ្យជួយរកនារីម្នាក់មកដេកជាមួយខ្លួន។ នៅថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០១៨ ឈ្មោះស្វិតនិងប្រពន្ធ បាននាំនារីឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត មកជួបខ្លួន ហើយខ្លួនបានទិញ ម៉ូតូវីវ៉ា០១គ្រឿង តម្លៃ២៥០ដុល្លា ឲ្យទៅឈ្មោះស្វិត និងបានទិញទូរស័ព្ទអាយហ្វូន៥មួយគ្រឿង តម្លៃ១១០ដុល្លារ ឲ្យទៅនារីឈ្មោះឆយ៉ី។ នៅថ្ងៃទី២៩ ខែ០៣ ឆ្នាំ២០១៨ ម៉ោងប្រហែល០៧យប់ ខ្លួនបានឲ្យលុយទៅប្រពន្ធរបស់ឈ្មោះស្វិត ទិញបង្គានិងស្រាបៀរ មកហូបគ្នា០៤នាក់រហូតដល់ម៉ោង១២យប់ ទើបខ្លួនប្រាប់ឲ្យអ្នកទាំងនោះចេញពីផ្ទះខ្លួន ទុកតែនារីឈ្មោះ ឆយ៉ី នៅដេកក្នុងបន្ទប់ជាមួយខ្លួន។ ពេលនៅក្នុងបន្ទប់ពីរនាក់ ឆយ៉ី បានប្រើខ្លួន ឲ្យទៅយកទឹកឲ្យគាត់ផឹក ពេលខ្លួនមកវិញបើកទ្វារចូលក្នុងបន្ទប់ដេក ហើយបែរខ្នងទាញទ្វារបិទដាក់គន្លឹះ ស្រាប់តែឈ្មោះ ឆយ៉ី ស្ទុះមកចាក់ខ្លួន០១កាំបិត ពីក្រោយខ្នង និងបន្តចាក់លើក្បាល០១កាំបិតទៀត ហើយខ្លួនក៏ប្រតាយប្រតប់ត្រូវ០១កាំបិតទៀតនៅ កដៃខាងឆ្វេង បន្ទាប់មកខ្លួនក៏ចាប់បោចសក់នារីនោះ ផ្តួលទៅលើការ៉ូ ជាន់ពីលើ ក នាងជាប់ និងស្រែកហៅឲ្យគេមកជួយ ហើយខ្លួនក៏ត្រូវគេនាំទៅមន្ទីរពេទ្យដើម្បីព្យាបាលតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅកាទ្រីត បានរៀបរាប់ថា រូបនាងមាន អាយុ១៩ឆ្នាំ ធ្វើការនៅហាងម៉ាស្សា កោសជប់១៦៨ ។ កាលពីថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០១៨ រូបនាងត្រូវបានបុរសម្នាក់ ឈ្មោះ ស្វិត និងប្រពន្ធឈ្មោះ ចែធី បបួលនាងទៅផ្ទះពូ របស់ពួកគេ ឈ្មោះ ប៊ី សុខគង់ ហៅ ពូនៅ នៅម្តុំផ្លូវបំបែកផ្សារព្រៃទា ដោយជិះកង់បី។ ពេលទៅដល់ ឈ្មោះស្វិត និងពូនៅ បាននិយាយគ្នា តែនាងមិនដឹងថា ពួកគេនិយាយពីអ្វីនោះទេ ក្រោយមកពួកនាងទាំង០៤នាក់ បានអង្គុយជក់ថ្នាំញៀនជាមួយគ្នា ពេលនោះរូបនាងក៏ឃើញ ឈ្មោះ ប៊ី សុខគង់ ហៅ ពូនៅ បានឲ្យប្រាក់១០០ដុល្លារ ទៅឈ្មោះស្វិតនិងប្រពន្ធ ហើយទាំងពីរនាក់ប្តីប្រពន្ធ ក៏បាននាំគ្នាចេញទៅបាត់អស់ ទុកតែនាង និងប៊ី សុខគង់ នៅក្នុងបន្ទប់ឡៅតឿជាមួយគ្នា ហើយពួកនាងក៏បានអង្គុយជជែកគ្នា ពីរឿងគ្រួសារនិងជក់ថ្នាំញៀនជាមួយគ្នា បន្តទៀតរហូតដល់ជិតភ្លឺ ទើបរូបនាងចេញពីផ្ទះ ប៊ី សុខគង់។ លុះដល់ម៉ោងប្រហែល០២រសៀល ថ្ងៃទី២៩ ខែ០៣ ឆ្នាំ២០១៨ រូបនាងក៏បានត្រឡប់ចូលផ្ទះប៊ី សុខគង់ វិញហើយឈ្មោះ ស្វិតនិងប្រពន្ធគាត់ឈ្មោះចែធី ក៏បានត្រឡប់មកផ្ទះនោះម្តងទៀតផងដែរ ក្នុងថ្ងៃនោះឈ្មោះ ប៊ី សុខគង់ បានទៅទិញម៉ូតូមួយគ្រឿងឲ្យឈ្មោះ ស្វិត និងទិញទូរស័ព្ទដៃម៉ាកអាយហ្វូន៥មួយគ្រឿងឲ្យមកនាង ហើយក៏នាំគ្នាជក់ថ្នាំញៀន រហូតដល់ម៉ោងប្រហែល១២យប់ ទើបឈ្មោះ ប៊ី សុខគង់ បានដេញប្តីប្រពន្ធឈ្មោះស្វិត ឲ្យត្រឡប់ទៅផ្ទះវិញ ដោយទុកឲ្យរូបនាងនៅជាមួយម្ចាស់ផ្ទះ តែពីរនាក់។ ក្រោយពេលគេ នាំគ្នាចេញទៅអស់ ឈ្មោះ ប៊ី សុខគង់ បានយកដែកស្រួចវែងបន្តិច មកគំរាម ឲ្យនាងដេកលើពូក និងនៅឲ្យស្ងៀម នាងក៏ព្រមអង្គុយលើពូក ពេលនោះនាងបានក្រឡេកឃើញមានកូនកំបិតមួយ នៅលើកៅអីឈើក្បែរចុងគ្រែ នាងក៏ស្ទុះក្រោក ទៅឆក់យកកូនកាំបិតនោះ ចាក់ទៅលើខ្នងឈ្មោះ ប៊ី សុខគង់០១ កាំបិត ហើយក្រោយមកទៀតក៏ប្រតាយ ប្រតប់គ្នា រហូតរូបនាងត្រូវឈ្មោះ ប៊ី សុខគង់ ចាប់បោចសក់ បោកក្បាលទៅនឹងឥដ្ឋការ៉ូ និងជាន់ ក ផ្ទប់នឹងឥដ្ឋ ហើយចាប់អូសនាង ពីលើឡៅតឿ រហូតដក់ក្រោម និងយកខ្សែភ្លើងចងនាង រួចស្រែកហៅអ្នកជិតខាង មកជួយ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចអាវុធហត្ថទៅដល់ ចាប់ខ្លួននាងតែម្តង។

យោងតាមចម្លើយសារភាពនិងភស្តុតាងស៊ីសង្វាក់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសន្និដ្ឋាន ប្តូរការចោទប្រកាន់ ឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅកាទ្រីត ពីករណីប៉ុនប៉ងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ី សុខគង់ ទៅជាករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន និងរកឃើញភស្តុតាងចោទប្រកាន់ពីរនាក់ប្តីប្រពន្ធឈ្មោះស្វិតនិងឈ្មោះធី ជាប់ពាក់ព័ន្ធ ករណីជួញដូរមនុស្សដោយមានគោលដៅនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ហើយជនសង្ស័យទាំង០៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រងចាំថ្ងៃបើកសាវនាការជំនុំជំរះ៕