ក្រោយពេលទទួលឯករាជពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ពប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់ ក្រោមព្រះរាជបូជនីយ៍កិច្ចដឹកនាំ របស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កងយោធពលខេមរភូមិន្ទដែលជាកម្លាំងយោធាខ្មែរសុទ្ធសាធ ក៏បានចាប់កំណើតពេញលេញពិតប្រាកដផងដែរ។ ក្នុងដំណាក់កាល ពង្រឹងគុណភាពរបស់កងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការៀបចំឡើងវិញតារយៈការបង្កើតសាលាបណ្ឌិតសភាយោធា មជ្ឈមណ្ឌលហ្វឹកហ្វឺន មូលដ្ឋានអាកាស មានក្រុមអាកាសចររចំនួន៣ក្រុម និងមូលដ្ឋានបណ្តុះបណ្តាលកងទ័ពជើងទឹក ផ្នែកទន្លេនិងផ្នែកសមុទ្រ មានក្រុមកម្មង់ដូម៉ារីនចំនួន១ក្រុម ព្រមគ្នានោះក៏មានកងរាជអាវុធហត្ថផងដែរ ដោយបានចាប់បដិសន្ធិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ និងបង្កើតជាផ្លូវការតាមព្រះរាជក្រឹត្យលេខ៤៤៦NS និង៤៤៧NS ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយត្រូវប្តូឈ្មោះពីកងតម្រួតទាហានខ្មែរ មកជាកងរាជអាវុធហត្ថខ្មែរ (GENDARMERIE ROYAL KHMERE)។ តួនាទីនិងភារកិច្ចកងរាជអាវុធហត្ថគឺជា ប៉ូលីសទាហាន ប៉ូលីសរដ្ឋបាល និងប៉ូលីសតុលាការ ដែលតួនាទីភារកិច្ចនេះដូចគ្នានឹងកងរាជអាវុធហត្ថបារាំងដែរ ព្រោះកងរាជអាវុធហត្ថខ្មែរត្រូវបានបង្កើតឡើងតាមលំនាំបារាំង។
នៅក្នុងរបបសាធារណរដ្ឋ លន់ ណុល ឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ កងរាជអាវុធហត្ថបានប្តូរឈ្មោះមកជាកងអាវុធហត្ថជាតិ (GENDARMERIE NATION) តាមក្រឹត្យលេខ ៥៧៤/៧១CE ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ ហើយស្ថិតនៅក្រោមអំណាចរបស់អគ្គបញ្ជាការនៃកងទ័ពជាតិខ្មែរ។ តួនាទីនិងភារកិច្ចរបស់កងរាជអាវុធហត្ថជាតិនេះគឺជា ប៉ូលីសទាហាន ប៉ូលីសរដ្ឋបាល និងប៉ូលីសតុលាការ ដូចកងរាជអាវុធហត្ថខ្មែរក្នុងរបបសង្គមរាស្ត្រនិយមដែរ
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ កម្លាំងកងរាជអាវុធហត្ថត្រូវបានរំលាយចោល ដូចបណ្តាស្ថប័នដ៏ទៃទៀតដែរ។
នៅក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែលធ្វើកិច្ចការខាងត្រួតត្រាលើបទបញ្ជា និងការត្រួតពិនិត្យវិន័យយោធាតែប៉ុណ្ណោះ។
នៅក្នុងរបបព្រះរាជាណាចក្រកម្ពុជា ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ កងរាជអាវុធហត្ថត្រូវបានបង្កើតសារជាថ្មីវិញ តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ រួមជាមួយការបង្កើតអគ្គសេនាធិការនៃកងទ័ពជាតិកម្ពុជា ឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទបានចាប់ផ្តើមរៀបចំកម្លាំងអាវុធហត្ថ និងធ្វើពិធិប្រកាសជាផ្លូវការ ដោយមានកម្លាំងចំនួន២៤៧នាក់ ដឹកនាំបញ្ជាដោយលោក ឧត្តមសេនីយ៍ទោ កែវ សាមួន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៩៤ លោកឧត្តមសេនីយ៍ទោ គៀង សាវុធ ត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជំនួសលោកឧត្តមសេនីយ៍ទោ កែវ សាមួន។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩ លោកឧត្តមសេនីយ៍ត្រី សៅ សុខា ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ គៀង សាវុធ និងតម្លើងឋានន្តរសក្តិជាឧត្តមសេនីយ៍ទោព្រមជាមួយគ្នាផងដែរ ក្រោយមកត្រូវបានរាជរដ្ឋាភិបាលតម្លើងឋានន្តរសក្តិជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នជានាយឧត្តមសេនីយ៍ ផ្កាយបួន សៅ សុខា មានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានអាវុធហត្ថ២៥ខេត្តរាជធានីជាចំណុះ រីឯកងរាជអាវុធហត្ថរាជធានីភ្នំពេញគឺជាអង្គភាព១ក្នុងចំណោមអាវុធហត្ថ២៥រាជធានីខេត្តដែលឋិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានដែនសមត្ថកិច្ចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល។