នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមិត្តភក្តិរួមជំនាន់សាលាបាក់ទូកជាច្រើន បាននាំគ្នាទៅសួរ សុខទុក្ខ លោក ប៉ែន សុខន ដែលជាអតីតមិត្តភក្តិ រៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពហុព្យាបាល ចាក់អង្រែ១១៥ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពនេះបានក្លាយទៅជា វប្បធម៌ សាមគ្គីមួយ សម្រាប់ពួកគាត់ ដែលតែងតែរួបរួមគ្នា យកចិត្តទុកដាក់ជួយដល់មិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូ ដែលធ្លាប់អប់រំទូន្មាន ប្រៀនប្រដៅ ផ្តល់ចំណេះដឹង ដល់ពួកគាត់ ។
គ្រប់ពេលដែលមិត្តភក្តិនិងលោកគ្រូអ្នកគ្រូមានទុក្ខធុរៈជួបការលំបាក ក្រុមអតីតសិស្សសាលាបាក់បាក់ទូកមួយក្រុម ជាង ២០០នាក់ ដែលទំនាក់ទំនងគ្នា តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក និងបរិច្ចាគសម្ភារៈ ថវិកា និងពេលវេលាផ្ទាល់ខ្លួន ជួយគ្នាមិនដែលមានខានម្តងណាឡើយ ។
ជាក់ស្តែងលោក ប៉ែន សុខន ដែលធ្លាក់ខ្លួនឈឺហើយទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិនៅពេលនេះ គឺមិនមែន ជាលើកទី១ទេ ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ប៉ែន សុខន ដែលមានរបរជាអ្នករត់តាក់ស៊ី បានធ្លាក់ខ្លួនឈឺ ដួលសន្លប់ភ្លាមៗនៅនឹងកន្លែង នៅឯខេត្តកំពតព្រោះតែជម្ងឺលើសឈាម។ ភ្លាមៗនោះដែរមិត្តភក្តទាំងអស់ បានស្ទុះស្ទារ នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ នាំយករូបលោកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ និងយកចិត្តទុកដាក់ ជួយតាមដានសុខទុក្ខគាត់ជាប់ជាប្រចាំប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយនៅពេលនោះផងដែរ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមលទ្ធភាពសរុបបានចំនួន ៣,៧០៥ដុល្លារ ប្រគល់ជូនលោក ប៉ែន សុខន ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកទៀតផង។
នៅថ្ងៃនេះលោក ប៉ែន សុខន បានធ្លាក់ខ្លួនឈឺម្តងទៀត មិត្តភក្តិម្នាក់ៗ នៅតែមិនបោះបង់ ឬព្រងើយកន្តើយចំពោះលោកដដែល ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយនិងមិត្តភក្តិរួមជំនាន់ បានចូលរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនបានចំនួន ៤,១៣៥ ដុល្លារទៀត នាំយកទៅប្រគល់ជូនដល់លោក ប៉ែន សុខន ដល់មន្ទីរពេទ្យ។ ដោយសភាពជម្ងឺ លោក ប៉ែន សុខន ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមិត្តភក្តិទាំងអស់ បានរួមគ្នារៀបចំ នាំយកលោក ប៉ែន សុខន ទៅព្យាបាលនៅប្រទេសវៀតណាមភ្លាមៗ ដោយមិនបង្អែបង្អង់ពេលវេលាឡើយ។
នេះហើយដែលហៅថា ” មិត្តល្អ ជួយគ្នា ក្នុងគ្រាមានអាសន្ន និងមិនបោះបង់គ្នា គ្រប់កាលៈទេសៈ ”