កាលពីវេលាម៉ោង២៣:០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាចោរលួចកាច់ ក ម៉ូតូ និងពាក់ព័ន្ធគ្រឿងញៀន។ ជនសង្ស័យមាន ឈ្មោះ មាស ដារា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន នៅចំណុចម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី ខណ្ខដូនពេញ ខណៈពេលដែលជនសង្ស័យ ខាងលើ បានទៅទិញថ្នាំញៀន ដើម្បីយកមកប្រើប្រាស់។
ក្រោយពេលឃាត់ខ្លួនបានយកមកសួរចម្លើយ ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេធ្លាប់ប្រើបា្រស់គ្រឿងញៀនរយៈពេល ០២ឆ្នាំ មកហើយ ដោយទិញម្តងតម្លៃចាប់ពី ២០០០០រៀល ទៅ ៤០០០០រៀល នៅម្តុំផ្សារតាប៉ាង ខណ្ឌដូនពេញ។ ជនសង្ស័យខាងលើ បានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ រូបខ្លួន និងបក្សពួកឈ្មោះ ភ័ក្រ ធ្លាប់លួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស ពណ៍ស បានសម្រេច ម្តងរួចមកហើយ។ ជនសង្ស័យ ខាងលើ បានបន្តឲ្យដឹងទៀតថា មុនធ្វើសកម្មភាព លួច កាច់ ក ម៉ូតូ ខាងលើ រូបខ្លូន និងឈ្មោះ ភ័ក្រ បានប្រើបា្រស់សារធាតុញៀន បន្ទាប់មកពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាស ពណ៍ខ្មៅ ក្នុងគោលបំណងទៅលេងស្រុកកំណើតឈ្មោះ ភ័ក្រ នៅខេត្តកណ្តាល លុះពេលធ្វើដំណើរតាមផ្លូវ ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាកស្មាស ពណ៍ស ចតទុកមុខផ្ទះស្ថិតក្នុងខេត្តកណ្តាល ពុំឃើញមានម្ចាស់ ដោយឳកាសល្អ ពួកគេទាំង ០២នាក់ ក៏ធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូនោះ តែម្តង។ ក្រោយពេលធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ខាងលើ បានសម្រេចហើយ ជនសង្ស័យ ខាងលើ បានជិះម៉ូតូឈ្មោះ ភ័ក្រ ទៅឈប់ចាំនៅផ្ទះសំណាក់មួយកន្លែង(មិនចាំឈ្មោះ) ចំណែកឈ្មោះ ភ័ក្រ បានជិះម៉ូតូ ដែលលួចបាន យកទៅលក់ ដោយបានក្នុងតម្លៃ ២០០ដុល្លា អាមេរិក និងបានឲ្យបា្រក់មកខ្លួនចំនួន ៣០ដុល្លា អាមេរិក ហើយបានបែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន ទើបរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២៣:០០នាទី រូបខ្លួន ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្តង ខណៈដែលរូបខ្លួនបានទៅទិញថ្នាំញៀនដើម្បីប្រើប្រាស់ នៅចំណុចទីតាំងកើតហេតុខាងលើ។