ភ្ញាក់ផ្អើលខ្លាំងណាស់ មេបក្សស្មូម ០៣នាក់ជាប់អន្ទាក់សមត្ថកិច្ច!

16

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ៣ នាក់ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្ម កុមារមនុស្សចាស់ជរា និងញុះញង់អនិតិជនឲ្យដើរសុំទានទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
កន្លងមក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានសហការជាមួយមន្ទីរសង្គមកិច្ច និងអង្គការពាក់ព័ន្ធ ធ្វើការបង្ក្រាបករណីសុំទាន ដែលមានលក្ខណៈកេងប្រវ័ញ្ចពលកម្មកុមារ និងប្រើហឹង្សាគម្រាមកុមារឲ្យសុំទាន រហូតមាន ការបញ្ជូនមេក្លោងនិងជនជាប់ពាក់ព័ន្ធទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសជាច្រើនករណី ហើយក្នុងនោះក៏មានមតិគាំទ្រ និងមានមតិប្រឆាំងខ្លះផងដែរ ព្រោះបើសមត្ថកិច្ចធ្វើការ បង្ក្រាបតឹងរឹង មតិមួយចំនួនប្រតិកម្ម ថាជាការគាបសង្កត់ដោយបង្ខំរំលោភទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់ ព្រោះការសុំទានពុំមែនជារបរខុសច្បាប់ទេ ហើយការធ្វើទានជាអំពើបុណ្យ ដែលពួកគាត់ស្ម័គ្រចិត្តធ្វើ ទោះអ្នកសុំទានទាំងនោះ យកទៅធ្វើអ្វីក៏ដោយជាសិទ្ធិរបស់ពួកគេ តែពេលសមត្ថកិច្ច ធ្វើការបន្ធូរបន្ថយ សកម្មភាពសុំទាន រឹតតែបង្កើនកាន់តែច្រើនឡើង រហូតក្លាយទៅជាភាពអនាធិបតេយ្យ រញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់សង្គម ហើយក៏ត្រូវមតិមួយចំនួន រិះគន់ថា ហេតុអ្វីអជ្ញាធរ បណ្តែតបណ្តោយឲ្យមានសកម្មភាព ដែលធ្វើឲ្យអាប់ឱនដល់ដល់កិត្តិយស និងកេរ្ត៍ឈ្មោះជាតិយ៉ាងដូច្នេះ ។ តាមរយៈបទពិសោធនៃការ ស្រាវជ្រាវបង្ក្រាប និងរបាយការណ៍ជាក់លាក់ បញ្ជាក់ថា ហេតុផលនៃការដើរសុំទាន ពុំមែនមកពីភាពក្រីក្រនោះទេ ផ្ទុយទៅវិញបណ្តាលមកពី ភាពខ្ជិលប្រអូស របស់បុគ្គល ដោយយករបរសុំទានធ្វើជាអាជីវកម្ម ដើម្បីធ្វើមានបានប៉ុណ្ណោះ។

ប្រការនេះ បានជម្រុញឲ្យទាំងសមត្ថកិច្ច ទាំងមន្ទីរជំនាញខាងសង្គមកិច្ច ទាំងអជ្ញាធរ រួមជាមួយអង្គការពាក់ព័ន្ធ បានព្យាយាមធ្វើការអប់រំណែនាំ ពួកគាត់ រហូតដល់មានមជ្ឈមណ្ឌលស្តារនិតិសម្បទារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពួកអ្នកសុំទានទាំងនោះយ៉ាណាក្តី ក៏ពួកគាត់ នៅតែមិនព្រមបោះបង់របរសុំទាននេះឡើយ ហើយក៏មានបុគ្គលខិលខូចមួយចំនួន បានឆ្លៀតឱកាសកេងចំណេញ ទាញយកផលប្រយោជន៍ ពីអ្នកសុំទានទាំងនេះទៀតផង ធ្វើឲ្យសកម្មភាពបង្ក្រាបរបស់សមត្ថកិច្ច ហាក់ដូចជាការវែកចកអញ្ចឹង។

ជាក់ស្តែង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ លោកស្រី មុំ ចាន់ដានី ជាប្រធានស្តីទី នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងស្តារនិតិសម្បទា រាជធានីភ្នំពេញ បានសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ប្រមូលអ្នកសុំទាន ដែលមានរចនាសម្ព័ន្ធ និងមានជនជាប់ពាក់ព័ន្ធ ជាបុគ្គលិកជាប់កិច្ចសន្យា របស់មន្ទីរសង្គមកិច្ច ជាអ្នកសហការណ៍ ទទួលយកផលប្រយោជន៍ពីអ្នកសុំទាន និងជារនុកក្នុងផ្តល់ព័ត៌មានដល់អ្នកសុំទាន ធ្វើការគេចខ្លួនពីការ ចុះបង្ក្រាប របស់មន្ទីរសង្គមកិច្ច និងសមត្ថកិច្ចផងដែរ ។ ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចំនួន០៣នាក់៖
១.ឈ្មោះ ឃុត នឹម ហៅ តាលឹម អាយុ៥៥ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា មន្ទីរសង្គមកិច្ច។
២.ឈ្មោះ ហឹង សារ៉ូម ហៅ តារុំ អាយុ៤២ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា មន្ទីរសង្គមកិច្ច។
៣.ឈ្មោះ សាន សិត ភេទប្រុស អាយុ៤១ឆ្នាំ អតីតជាអ្នកសុំទាន បច្ចុប្បន្នជាអ្នកដើរប្រមូលលុយពីអ្នកសុំទានតាមភ្លើងស្តុប ឲ្យទៅឈ្មោះ ឃុត នឹម ហៅ តាលឹម និងឈ្មោះ ហឹង សារ៉ូម ហៅ តារុំ
តាមការស្រាវជ្រាវ របស់សមត្ថកិច្ច និងចម្លើយអះអាងរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពប្រមូលលុយ ពីអ្នកសុំទានរៀងរាល់ថ្ងៃ នៅតាមភ្លើងស្តុប ដោយអ្នកសុំទានម្នាក់ត្រូវបង់១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀលក្នុង១ថ្ងៃ ហើយ១សប្តាហ៍ ទើបឈ្មោះ សាន សិត យកលុយប្រគល់ឲ្យតាលឹម និងតារុំម្តង ដោយតាលឹមយកចំណែកអ្នកដើរសុំនៅស្តុបអាងទឹក ស្តុបពេទ្យចិន ស្តុបផ្សារដើមគោ និងភូមិសាស្ត្រក្បែរគ្នា រីឯតារុំ យកចំណែកអ្នកដើរសុំនៅស្តុបកាណាឌីយ៉ា ស្តុបបូកគោ និងប៉ែកខាងមាត់ទន្លេ។ ការយកលុយរបស់តាលឹម និងតារុំ ពីអ្នកសុំទាននេះ ជាថ្នូរជាមួយនឹងការផ្តល់ព័ត៌មាន នៅពេលណាដែល មន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះបោសសំអាតប្រមូលអ្នកសុំទាន អ្នកញៀនថ្នាំ និងក្មេងអានាថាតាមដងផ្លូវ តែបើពួកអ្នកសុំទានទាំងនោះ មិនព្រមបង់លុយឲ្យទេ ឈ្មោះ សាន សិត គម្រាមថា នឹងរាយការណ៍ឲ្យខាងមន្ទីរសង្គមកិច្ចនិងសមត្ថកិច្ច ចុះចាប់ពួកគេ ក្នុងនោះក៏មាន អ្នកសុំទានជាច្រើន ពិតជាត្រូវបាន ឈ្មោះ សាន សិត រាយការណ៍ ឲ្យតាលឹម និងតារុំ នាំក្រុមការងារសង្គមកិច្ចចុះបង្ក្រាបមែន ពេលដែលពួកគេមិនព្រមបង់លុយតាមការទាមទារ។
ចំណាត់ការ របស់លោកស្រី មុំ ចាន់ដានី ប្រធានស្តីទីមន្ទីរសង្គមកិច្ច សហការណ៍ជាមួយអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការវះកាត់ ដង្កូវចេញពីសាច់ នៅពេលនេះ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ដោយមិននឹកស្មានដល់ ពិតប្រាកដមែន។