នៅរសៀលម៉ោង០២:០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ជា ចោរឆក់ ទៅ តុលាការ។ ជនសង្ស័យមានឈ្មោះ សឿង សំអាង ហៅតួ ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវកម្លាំងល្បាតអាវុធហត្ថ ខណ្ឌដង្កោ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២០:៣០នាទី នៅចំណុចភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យ ខាងលើ បានធ្វើសកម្មភាព ឆក់ការបូប ពីនារីជនរងគ្រោះ ឈ្មោះ ទឹម ស្រីប៉ុច ភេទស្រី អាយុ ២៤ឆ្នាំ។ មុខកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ មកពីទិញសំលៀកបំពាក់ នៅផ្សារមានជ័យថ្មី ត្រលប់ទៅផ្ទះវិញ ដោយមានស្ពាយកាបូប ស្រាប់តែជនសង្ស័យ ខាងលើ រួម និងបក្សពួក ០២នាក់ ទៀត ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ ១១ ពណ៍ខ្មៅ ស្លាកលេខ 1BR-0760 បានធ្វើសកម្មភាពឆក់ កាបូប ពីជនរងគ្រោះ បណ្តាលឲ្យ ជនរងគ្រោះ ដួលម៉ូតូ និងត្រូវរបួស បែកមាត់ បាក់ធ្មេញ របួសស្មា រយះកែងដៃ ចង្កេះ និងប្រអប់ជើង ស្របពេលដែលកម្លាំងអាវុធហត្ថល្បាតឃើញ ក៏បង្ក្រាបបាន ០១នាក់ ភ្លាមៗ ចំណែកបក្សពួក ០២នាក់ទៀត បានរត់គេចខ្លួនបាត់។
ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា ខ្លួន និងបក្សពួក ០២នាក់ ទៀត មានឈ្មោះ ហៃ និង រដ្ឋ ដែលរត់គេចខ្លួនបាត់ បានប្រើប្រាស់គ្រឿងញៀនរួច ក៏បាននាំគ្នាជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ ១១ ពណ៍ខ្មៅ ស្លាកលេខ 1BR-0760 ទៅដើរលេងនៅកោះពេជ្រ បន្ទាប់មក រូបគេទាំង ០៣នាក់ បានចេញពីដើរលេងនៅកោះពេជ្រ ត្រលប់ទៅផ្សារស្ទឹងមានជ័យថ្មី ក្នុងគោលបំណង ដើររកឆក់ លុះជិះដល់ស្តុបស្ពានដែក ក៏ឃើញជនរងគ្រោះជិះម៉ូតូ ០១នាក់ ឯង និយាយទូរស័ព្ទ ហើយពួកគេ បានជិះម៉ូតូតាមពីក្រោយជនរងគ្រោះ រហូតដល់ចំណុចផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ពួកគេបានធ្វើសកម្មភាពភាពឆក់កាបូបពីជនរងគ្រោះ តែម្តង បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូ រងបួសជាច្រើនកន្លែង ភ្លាមនោះ មានកម្លាំងល្បាតអាវុធហត្ថឃើញ ក៏ឃាត់រូបខ្លួន ចំណែកបក្សពួករបស់គេ ០២នាក់ ទៀត បានរត់គេចខ្លួនបាត់ តែម្តង។