កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣.០០នាទី កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនល្មើស បានធ្វើសកម្មភាព អា ក សម្លាប់ពូថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះទាំងសងខាងផងដែរ ។ ពាក់ព័ន្ធករណីនេះ មហាជនជាច្រើន បានធ្វើការថ្កោលទោសជនល្មើសខ្លាំងៗ និងមានការងឿងឆ្ងល់ពីមូលហេតុអ្វី ទើបបានជាឃាតករ មានចិត្តសាហាវឃោរឃៅដល់ម្លឹង ?
ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ឃាតករបានសារភាពថា៖
រូបគេឈ្មោះ សំ សំណាង ហៅ លាប អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់គុក៣ដង
– លើកទី១ជាប់គុកបាន០៨ខែ ក្នុងអំឡុងឆ្នាំ២០០៦ ពីបទហឹង្សាដោយចេតនា ដោយបានយកញញួរវាយទៅលើជនរងគ្រោះម្នាក់របួសធ្ងន់ធ្ងរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
– លើកទី២ជាប់គុកបាន២ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៩ពីបទហឹង្សាដោយចេតនា ដោយរូបគេបានធ្វើសកម្មភាពយកកំបិតប៉័ងតោ កាប់ទៅទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរនៅ ភូមិសម្រង៣ សង្កាត់ច្បារអំពៅ ខណ្ឌមានជយ័ ។
– លើកទី៣ ជាប់គុកបាន២ឆ្នាំ៦ខែ ក្នុងអំឡុងឆ្នាំ២០១៣ ដោយរូបគេបានធ្វើសកម្មភាពយកឥតការ៉ូឡាវាយលើ ជនរងគ្រោះបណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ ។
– រហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រូបគេបានប្រព្រឹត្តបទល្មើសជាថ្មីម្ដងទៀត រឹតតែសាហាវជាងមុនៗ នោះគឺ អា ក និងខ្វេះភ្នែក សម្លាប់ពូថ្លៃខ្លួន ឈ្មោះសិទ្ធណាក់ អាយុ៣៤ឆ្នាំ មុខរបរកម្មករ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
មូលហេតុដែលនាំឲ្យ ឈានដល់ការសម្លាប់ពូថ្លៃ ដំបូងឡើយផ្តើមចេញពី ការផឹកស្រាជាមួយគ្នា តាំងពីព្រលឹមដល់ថ្ងៃត្រង់ រហូតស្រវឹងជោគជាំទាំងអស់គ្នា ក្រោយមករូបគេបានក្រោកទៅបង្គន់ ជ្រមុជក្បាលត្រាំទឹកក្នុងធុង ឯពូថ្លៃរបស់គេបានចូលទៅជុះអាចម៍ ដាក់ក្នុងឆ្នាំងបាយ ធ្វើឲ្យមីងដែលជាប្រពន្ធពូចូលទៅចង្ក្រានបាយ ឃើញអាចម៍ក្នុងហ្នឹង ក៏ខឹងច្រឡោត រហូតដល់មានការឈ្លោះប្រកែកគ្នា ពេលនោះដែរ ខ្លួនចេញពីបង្គន់មកវិញ ក៏ស្រែកគំហក ឲ្យពួកគាត់ទាំងពីរឈប់ឈ្លោះគ្នា ទើបបណ្តាលឲ្យមានទំនាស់ ដោយខឹងនឹងពូខ្លាំងដែរនោះ រូបគេក៏បានស្ទុះចូលទៅក្នុងចង្ក្រានបាយ ទាញយកដាវមួយដើមប្រវែង កន្លះម៉ែត្រ ដែលសៀតក្បែរចង្ក្រាន ទៅកាប់លើពូជាច្រើនដាវ បណ្តាលឲ្យត្រូវដៃទាំងសងខាង និងក្បាល បន្ទាប់មកក៏បានកាប់ផ្តាច់បំពងក ជាច្រើនដាវថែមទៀត រហូតបណ្តាលឲ្យស្លាប់ ទើបចុងក្រោយរូបគេយកចុងដាវ ចាក់ទៅលើភ្នែកពូថ្លៃទាំងសងខាង បណ្តាលឲ្យបែកគ្រាប់ភ្នែកទាំងអស់ រួចអូសពចូលក្រោមគ្រែ និងធ្វើការលាងសម្អាតឈាម ភ្លាមៗនោះដែរម្តាយមីងរបស់គេបានរត់ចេញមកក្រៅ ស្រែកហៅអ្នកជិតខាងឲ្យជួយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុធ្វើការបង្ក្រាបនិងឃាត់ខ្លួន តែម្តង ៕ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ជនល្មើសត្រូវបានមន្រ្តីជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយលើកនេះ ជឿថាជនល្មើសនឹងគ្មានឱកាស ចេញមកប្រព្រឹត្តបទល្មើសបន្តទៀតបានឡើយ។