ជួយគ្នាក្នុងគ្រាលំបាក!

23

មិត្តរួមការងារយើងម្នាក់ គឺលោកអនុសេនីយ៍ទោ ស៊ុំ ណារុន ជំនួយការការិយាល័យការពារ សន្តិសុខផ្ទៃក្នុង នៃមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវធ្វើការវះកាត់ និងព្យាបាលជំងឺ “គ្រួសក្នុងប្រម៉ាត់” នៅឯមន្ទីរពេទ្យជោរៃ។ គ្រាន់តែបានទទួលព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទំនាក់ទំនងផ្ទាល់ ជាមួយខាងមន្ទីរពេទ្យជោរៃ សុំការអនុគ្រោះ បញ្ចុះតម្លៃព្យាបាលពីខាងមន្ទីរពេទ្យ និងបានរួបរួមសណ្តានចិត្តមិត្តរួមការងារ ប្រមូលថវិកាបានចំនួន ៥,៤៩០,០០០៛ ជូនដល់លោក អនុសេនីយ៍ទោ ស៊ុំ ណារុន ដើម្បីជួយសម្រាលបន្ទុកព្យាបាល។

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី ជាមេបញ្ជាការរង ចុះសួរសុខទុក្ខលោក អនុសេនីយ៍ទោ ស៊ុំ ណារុនដល់មន្ទីរពេទ្យ នាំយកថវិកា របស់អាវុធហត្ថរាជធានីភ្នំពេញ ៥,៤៩០,០០០រៀល រួមជាមួយ ទឹកបរិសុទ្ធ, ទឹកផ្លែឈើ និងទឹកដោៈគោឆៅមួយចំនួន ទៅផ្តល់ជូនដល់អ្នកជម្ងឺផងដែរ ។

ការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះកូនចៅក្រោមឱវាទ គឺមិនមែនជារឿងថ្មីទេ ជានិច្ចជាកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ របស់ពួកយើងនិងក្រុមគ្រួសារគ្រប់ៗគ្នា មិនថាពួកយើងនិងក្រុមគ្រួសារ ជួបការលំបាក ខ្វះខាតជីវភាព ធ្លាក់ខ្លួនឈឺស្កាត់ ឬបាត់បង់អាយុវជីវិត ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែយកអាសារពួកយើងនិងគ្រួសារ មិនដែលមានខានម្តងណាឡើយ! ជារឿយៗ ឯកឧត្តម មេបញ្ជាការ តែងទូន្មានពួកយើងថា ឲ្យចេះស្រឡាញ់គ្នា សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ឲ្យដូចជាសាច់ញាតិ បងប្អូន ក្នុងគ្រួសារតែមួយ ហើយឯកឧត្តម ចាត់ទុកពួកយើងប្រៀបដូចជាបង ជាប្អូន ជាកូន ជាចៅបង្កើត របស់ឯកឧត្តម យ៉ាងអញ្ចឹង។