នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋានយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបំបែកសំណុំរឿង ឃាតកម្មដ៏ល្បីមួយ ដែលរំលងផុតរយៈពេល៨ខែមកហើយ ដោយសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់នារីជាសង្សា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រតិបត្តិការ ឃាត់ខ្លួនឃាតករបាននៅពេលនេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
គួររំលឹកដែរថា នារីម្នាក់ឈ្មោះ ស៊ុន ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវគេអះអាងថា ជាស្រីស្នេហ៍របស់បុរសម្នាក់ឈ្មោះ អ៊ុំ សុផា អាយុ៣០ឆ្នាំ ដែលដំបូងឡើយបុរសរូបនេះ ត្រូវគេអះអាងផងដែរថាជាមន្ត្រី កងរាជអាវុធហត្ថ និងជាជនដៃដល់បានយកកាំភ្លើងបាញ់សម្លាប់នាងជាសង្សារ ចំភ្នែកធ្លាយទៅក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹង កន្លែង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបន្ទប់លេខ៤០៤ ផ្ទះសំណាក់យីហោ «សារីធំ» ។
ក្រោយពេលកើតហេតុភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ ត្រួតពិនិត្យឈ្មោះ ក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថ បញ្ជាក់ថា ឈ្មោះ អ៊ុំ សុផា ពុំមានឈ្មោះនៅក្នុងបញ្ជីនិងមិនមែនជាមន្ត្រីអាវុធហត្ថនោះទេ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងកងរាជអាវុធហត្ថ ឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករ ជាបន្ទាន់ លើករណីឃាតកម្មមួយនេះ ឲ្យខាងតែបាន។
ឆ្លងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់សមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការតាមប្រម៉ាញ់ជនល្មើស ប្រកិតៗ ទាំងនៅក្នុងរាជធានីភ្នំពេញ និងចេញពីខេត្តមួយទៅខេត្តមួយ តែត្រូវជនល្មើសធ្វើការ បង្វែរដាន និងគេចខ្លួនពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ទើបកម្លាំងស្នងការដ្ឋានយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់ទីតាំងជនល្មើសច្បាស់ថា កំពុងលាក់ខ្លួននៅខេត្តប៉ៃលិន ក៏ចុះទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនឃាតករបាននៅចំនុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោង១១និង២៥នាទី ដោយយោងលើដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ផងដែរ។
– នៅឆ្នាំ២០០៨រូបគេជា ប្រធានប៉ុស្ត៍សន្តិសុខឯកជនក្រុមហ៊ុន ស្កាយ និងគ្រប់គ្រងកូនចៅចំនួន៤ទៅ៥នាក់។
– នៅឆ្នាំ២០១១ ក្រុមហ៊ុនបានតម្លើងតួនាទីរូបគេឲ្យឡើងជាប្រធានតំបន់គ្រប់គ្រង៤ខណ្ឌ គឺទួលគោក, ៧មករា ដូនពេញ និងឬស្សីកែវ។ ហើយនៅពេលនោះរូបគេបានស្គាល់ជាមួយឈ្មោះ អ៊ុក វាសនា ជាបុគ្គលិកក្រុមហ៊ុនសន្តិសុខស្កាយដូចគ្នា តែធ្លាប់ធ្វើជាយោធាពីមុនមកបានសួររូបគេថាចង់ធ្វើជាកងកម្លាំងដែរទេ គេយក២០០ដុល្លារ រូបខ្លួនក៏ព្រមឲ្យឈ្មោះ អ៊ុក វាសនា រត់ការឲ្យចូលធ្វើប៉េអឹម ហើយបានទៅកាត់តរូបថតឯកសណ្ឋាន ប៉េអ៊ឹមសក្កិពីរ នៅហាងថតរូបខាងជើងសាលាសន្ធរម៉ុក និងផ្តិតចំនួន០៨សន្លឹកឲ្យឈ្មោះ អ៊ុក វាសនា។ ក្រោយមកប្រហែល១ខែ ឈ្មោះ អ៊ុក វាសនា បានយកសេចក្តីសម្រេច និងអត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទស័ក្តិពីរ អត្តលេខ១៩៩២៧៨ មកឲ្យរូបគេ តែជាច្បាប់ថតចំលង ដោយឈ្មោះ អ៊ុក វាសនា ប្រាប់ថាច្បាប់ដើមអង្គភាពជាអ្នករក្សាទុក ហើយមិនមានប្រាក់ខែបើកទេ ព្រោះរូបគេធ្វើការក្រៅអង្គភាព។ ពេលនោះរូបគេបានទៅទិញសម្លៀកបំពាក់ប៉េអ៊ឹម នៅផ្សារទឹកថ្លាយកមកពាក់និងថតបង្ហោះហ្វេសប៊ុកម្តងម្កាល។
– នៅឆ្នាំ២០១២ រូបគេបានប្តូរពីក្រុមហ៊ុនសន្តិសុខស្កាយ មកធ្វើការនៅក្រុមហ៊ុនសន្តិសុខស្តារវិញម្តង តែក្រោយមក ដោយពិបាកបើកលុយពេក រូបគេក៏បានប្តូរការងារពីក្រុមហ៊ុនស្តារ ទៅធ្វើនៅក្រុមហ៊ុនសន្តិសុខ អែស ស៊ី វ៉ាយ ម្តង តែទ្រាំអត់ងង៉ុយមិនបាន ក៏ឈប់ពីក្រុមហ៊ុន អែស ស៊ី វ៉ាយ ទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុន សន្តិសុខឯកជន ខេ ដាប់បាយយូ ហើយពេលនោះ រូបគេបានទាក់ទងទិញកាំភ្លើងខ្លី០១ដើម ម៉ាកកា៥៩ ពីយោធាម្នាក់មិនស្គាល់ឈ្មោះ យកមកប្រើប្រាស់ដោយគ្មានលិខិតស្នាម។
– នៅដើមឆ្នាំ២០១៦ រូបគេបានឈប់ធ្វើការនៅក្រុមហ៊ុន ខេ ដាប់បាយយូ ហើយមកជួលឡាយសិន ក្រុមហ៊ុនសន្តិសុខឯកជន អឹម ប៊ី អេ បើកដោយខ្លួនឯង ដោយចូលហ៊ុនគ្នា៤នាក់ តែបានកន្លះឆ្នាំក៏ក្ស័យធន រូបគេក៏ទៅស៊ីឈ្នួលយាមយប់ នៅហាង វ័ន្តមួរ ម្តុំទួលគោកបាន២ខែ ក៏ប្តូរទៅធ្វើការឲ្យមិត្តភក្តិនៅក្រុមហ៊ុន អ៊ិនធឺណែត២៤/២៤ម៉ោង ម្តុំផ្លូវសឡា។
– នៅពាក់កណ្តាលឆ្នាំ២០១៦ រូបគេបានឈប់ធ្វើការពីក្រុមហ៊ុនអ៊ិនធឺណែត ហើយទៅធ្វើការ យាមផ្ទះលក់មាស ដោយប្រើឯក សណ្ឋានអង្គរក្សឈុតខ្មៅនិងឈុតទឹកដោះគោ ហើយពេលនោះរូបគេបាន ខ្ចីលុយម្ចាស់ហាងមាស១៥៥០ដុល្លារ ទិញកាំភ្លើងថ្មីម៉ាក សេអែស៩៨ និងសន្យាសងម្ចាស់ហាងវិញ ១ខែ៥០ដុល្លារ រីឯកាំភ្លើងចាស់កា៥៩ បានយកទៅលក់ឲ្យយោធាម្នាក់មិនស្គាល់ឈ្មោះ បាន៦០០ដុល្លារ ព្រមជាមួយគ្នានោះ ខ្លួនបានទាក់ទងជាមួយ ឈ្មោះ អ៊ុក វាសនា ម្តងទៀតដើម្បីឲ្យជួយធ្វើស័ក្តិ៤(វរសេនីយ៍ត្រី) ឲ្យរូបខ្លួន ដោយ ឈ្មោះ អ៊ុក វាសនា បានទារយក៨០ដុល្លារ។ ក្នុងអំឡុងពេលយាមហាងមាសនោះដែរ រូបគេបានស្គាល់ជាមួយនារីរងគ្រោះឈ្មោះ ស្រីលក្ខណ៍ ក្នុងលក្ខណៈដូចជាប្តីប្រពន្ធ ដោយនាងជាស្ត្រីមេម៉ាយកូនពីរ ជួលផ្ទះនៅម្តុំខាងក្រោយមន្ទីរពេទ្យសែនសុខ។
– រហូតមកដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ខណៈពេលរូបគេជាមួយមិត្តភ័ក្រ្ត កំពុងផឹកស៊ីនៅម្តុំបឹងសាឡាង ស្រីល័ក្ខណ៍ ដែលជាសង្សាខ្លួនបានខលហៅឲ្យទៅញ៉ាំអីជាមួយនាងនៅហាងម្តុំអង់តែនទួលគោក ហើយនៅពេលនោះរូបគេបានទៅជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត។ ពេលទៅជួប ស្រីល័ក្ខណ៍ នាងក៏មានមិត្តភក្តិស្រីៗ២នាក់ និងប្រុសម្នាក់ ផ្សេងទៀតកំពុងអង្គុយផឹកស៊ីជាមួយគ្នា ហើយរូបគេក៏បានអង្គុយក្បែរ ស្រីល័ក្ខណ៍ និងផឹកស៊ីជាមួយគ្នា បានប្រហែល១៥នាទីរូបគេបានលេងសើចជាមួយមិត្តភក្ត្រស្រី របស់ស្រីល័ក្ខណ៍ ដោយនាងបានហុចដៃឲ្យរូបគេថើបធ្វើឲ្យស្រីល័ក្ខណ៍ប្រច័ន្ទលែងនិយាយស្តី។ ក្រោយពេលគិតលុយរូបគេក៏បាន ឌុបស្រីល័ក្ខណ៍ទៅផ្ទះសំណាក់សារីធំ ចូលក្នុងបន្ទប់៤០៤ រូបគេបានលួងលោម និងអង្វរស្រីល័ក្ខណ៍កុំឲ្យខឹង និងប្រច័ន្ទរូបគេនៅកន្លែងផឹកស៊ីអី គ្រាន់តែជាការលេងសើចជាមួយមិត្តភ័ក្ត្រនាងទេ ពេលនោះនាងក៏បានទំលាក់ខ្លួន ដេកផ្ងារនៅលើពូក ហើយរូបគេក៏បានដកកាំភ្លើងចេញពីចង្កេះ ដោះបង់ចេញដាក់ចូលក្នុងហោប៉ៅខោ បន្ទាប់មកយកកាំភ្លើងភ្ជង់តម្រង់ទៅលើស្រីល័ក្ខណ៍ក្នុងបំណងលេងសើច រួចកេះកៃស្រាប់តែកំាភ្លើងផ្ទុះតែម្តង បណ្តាលឲ្យត្រូវមុខស្រីល័ក្ខណ៍ហូរឈាមពេញកម្រាលពូក។ ឃើញដូច្នោះខ្លួនក៏រត់ចេញមកក្រៅយកម៉ូតូ រត់គេចខ្លួនតែម្តង រីឯកាំភ្លើងខ្លួនបានបោះចោលក្នុងទន្លេលើស្ពានព្រែកតាមាក់ ពេលដែលខ្លួនរត់ទៅព្រៃវែង។