នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ក្រុមចោរប្លន់ប្រុសស្រីចំនួន០៥នាក់ ឲ្យជាប់ពន្ធនាគារ រហូតដល់លើសពី ១០០ឆ្នាំ ក្នុងម្នាក់ៗ ។
ជនជាប់ចោទទាំងនោះមានប្រុស៣នាក់ និងស្រី២នាក់ ៖
ទី១៖ ឈ្មោះ សេត ម៉ាត់រ៉ូហ្សេត ភេទប្រុស អាយុ២២ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១២៨ឆ្នាំ
ទី២៖ ឈ្មោះ ប៉ែន ចំណាប់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១២០ឆ្នាំ
ទី៣៖ ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១២០ឆ្នាំ
ទី៤៖ ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២២ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១០៩ឆ្នាំ
និងទី៥៖ ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១០៩ឆ្នាំ
ពួកគេម្នាក់ៗត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អាវុធដោយខុសច្បាប់ និងពីបទមិនរាងចាល។
គួររំលឹកដែរថា ក្នុងចំណោមជនជាប់ចោទទាំង៥នាក់នេះ គឺមាន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានភ្លាមៗ តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៥ ខណៈដែលពួកគេទើបតែបានធ្វើសកម្មភាពប្លន់យ៉ាងសាហាវយកម៉ូតូ សេ១២៥ សេរីឆ្នាំ២០១៥ មួយគ្រឿង នាព្រឹកព្រលឹម ម៉ោង៥និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាលជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់ ប្រហែល២ម៉ោង ក៏ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាម ចាប់ខ្លួនជនល្មើស ជាដំបូងបាន២នាក់ឈ្មោះរូហ្សេត និងឈ្មោះចំណាប់ ព្រមទាំងដកហូតម៉ូតូ របស់ជនរងគ្រោះដែលស្លាប់ ទៅហើយនោះ បានមកវិញ។ ហើយបន្តទៅទៀត រយៈពេលប្រហែល4ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់មុខសញ្ញា ឈានទៅព័ទ្ធចាប់បក្សពួកជនល្មើស ផ្សេងទៀត នៅចំណុចផ្លូវចូលភ្នំប្រសិទ្ធ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ហើយនៅពេលនោះ ជនល្មើសបាន បាញ់មកលើសមត្ថកិច្ច ដើម្បីរំដោះខ្លួន បណ្តាលឲ្យមានការផ្ទុះអាវុធ តបតគ្នាទៅវិញទៅមក ធ្វើឲ្យជនល្មើស ២នាក់ស្លាប់នៅនឹងកន្លែងឈ្មោះ ម៉ី និងឈ្មោះ លីម ហើយឃាត់ខ្លួនបាន២នាក់ទៀត ជាកំណាន់ចិត្ត របស់ជនល្មើសដែលស្លាប់។ ចំណែកម្នាក់ទៀតឈ្មោះ អ៊ឹម សុភ័ក្រ ត្រូវបានចាប់ខ្លួនមួយខែក្រោយការកើតហេតុ។
ការបង្ក្រាបក្រុមចោប្លន់បានភ្លាមៗ នាពេលនោះប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញមានការសាទរនិងសប្បាយរីករាយយ៉ាង ខ្លាំងចំពោះស្នាដៃរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រោះពួកវាគឺជាចោសាហាវយង់ឃ្នង ដែលប្រើអាវុធខ្លី ប្លន់បាញ់ សម្លាប់មនុស្សគ្មានញញើតដៃ មិនតិចជាង៣០ករណីក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងតាមចម្លើយសារភាព ករណីប្លន់ដែល ពួកវាចាំបានច្បាស់គឺមាន៖
1- បានបាញ់សម្លាប់បុរសម្នាក់ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ នៅចំណុចខផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នាព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥
2- បានបាញ់សម្លាប់ជនរងគ្រោះប្លន់ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦ នៅចំណុចខាងក្រោយអតីអធិការដ្ឋាននគរបាលខណ្ឌទួលគោក វេលាទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥
3- បានបាញ់ម្ចាស់ម៉ូតូ ឲ្យស្លាប់ម្នាក់ របួសម្នាក់ ប្លន់ម៉ូតូ១គ្រឿងម៉ាកស្កូបពី តែមិនបានសម្រេច នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥
4- បានបាញ់១គ្រាប់លើជនរងគ្រោះម្នាក់ មិនដឹងថាស្លាប់ឬរស់ ប្លន់យកបានម៉ូតូម៉ាក MSX ពណ៌ស ១គ្រឿង នៅចំណុច ក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ វេលាម៉ោង ប្រហែល 1រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥
5- បានបាញ់ជនរងគ្រោះម្នាក់បាក់ជើង ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ នៅចំណុច ស្ពានឧកញ៉ា លី យ៉ុងផាត់ ត្រើយខាងលិច ក្នុងខែតុលា ឆ្នាំ២០១៥
6- បានយកកាំភ្លើងខ្លីវាយជនរងគ្រោះ២នាក់ ប្លន់យកបានម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ម៉ោងប្រហែល១និង២០នាទីរំលងអាធ្រាត មិនចាំថ្ងៃខែ
7- បានដេញវាយជនរងគ្រោះនឹងកាំភ្លើងខ្លី ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ តែមិនបានសម្រេច នៅចំណុចមុខទីស្តីការគណរដ្ឋមន្ត្រី ក្នុងខែសីហា ឆ្នាំ2015 មិនចាំថ្ងៃទី
8- បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ បាន១គ្រឿង ម៉ាក MSX នៅចំណុចស្តុប អំបាសាឌ័រ មិនចាំពេលវេលា
9- បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន១គ្រឿង ម៉ាក MSX នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវលេខ118 ខណ្ឌដូនពេញ មិនចាំពេលវេលា
ចំណែកស្ត្រី២នាក់ ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និង ឈ្មោះ ពេជ្រ សូណែត បានសារភាពថា ពួកគេ បានចូលរួម ក្នុងសកម្មភាពប្លន់ជាមួយក្រុមប្រុសស្នេហ៍ខ្លួនដែរ ដោយជិះទៅជាមួយគ្នា ដើម្បីបំភ័ន្តភ្នែកជនរងគ្រោះកុំឲ្យចាប់អារម្មណ៍ នៅពេលប្លន់បានសម្រេច ស្រី្តទាំង២នាក់នេះ ចាំបិទគូថ តាមមើលពីក្រោយ ក្រែងលោមានសមត្ថកិច្ចដេញតាម និង បន្លំខ្លួនចូលទៅកន្លែងកើតហេតុ ដើម្បីក្តាប់ សភាពការណ៍ព័ត៌មាន ថាតើសមត្ថកិច្ចក្តាប់មុខសញ្ញាបានឬអត់។
ចំណាត់ការរបស់តុលាការសម្រេចផ្តន្ទាទោសជនល្មើស ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារលើសពី១០០ឆ្នាំនៅពេលនេះ ពិតជាធ្វើឲ្យមហាជនពេញចិត្តខ្លាំងណាស់ ដោយសកម្មភាពយង់ឃ្នង របស់ក្រុមចោរទាំងនេះ ទោះស្លាប់ទៅហើយ ក៏នៅមិនទាន់រួចទោសដែរ។