នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មន្ត្រីអាជ្ញាធរមូលដ្ឋាន ភូមិ-សង្កាត់ ព្រមទាំងសហការីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិចំនួន០២ គឺភូមិព្រែករទាំង និងភូមិក្រាំងស្វាយ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយកនូវនំប៉័ងចំនួន១០០០ដើម ការ៉េមចំនួន ១២០០ដើម រួមនិងទឹកសុទ្ធ ចែកជូននិងចូលរួមបរិភោគ ជាមួយប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី ដែលបានមកទទួលស្វាគមន៍ឯកឧត្តម យ៉ាងសប្បាយរីករាយប្រកបដោយភាពស្និតស្នាល ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា សុខសន្តិភាព និង សមិទ្ធិផលស្នាដៃជោគជ័យជាច្រើនរាប់មិនអស់ ដែលកើតឡើងក្នុងពេលបច្ចុប្បន្ន គឺដោយសារនយោបាយដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះ ឯកឧត្តម សំណូមពរឲ្យបងប្អូនទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាពដែលយើងមានសព្វថ្ងៃ និងរួមចិត្តរួមកាយបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ជាពិសេសគឺក្មេងៗជំនាញ់ក្រោយដែលជាទំពាំងស្នងឬស្សី ប្រៀបបីដូចជា ក្រដាស់សមួយសន្លឹក យើងត្រូវតាមដាន អប់រំ ទូន្មាន ប្រៀនប្រដៅ គូសវាស់ពណ៌ឲ្យបានត្រឹមត្រូវ កុំឲ្យពួកគេដើរនៅលើផ្លូវខុស ជាក់ស្តែងក្នុងសង្កាត់ព្រែកកំពឹសនេះទាំងមូល ឯកឧត្តម ក៏បានចូលរួម មួយចំណែកផងដែរ ក្នុងការអូសទាញយុវជននិងកុមារ ឲ្យងាកមកលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើពាលាផ្សេងៗ ដោយកន្លងមកក្នុងឆ្នាំ២០១៤ ឯកឧត្តម ធ្លាប់បានសហការណ៍ជាមួយសហព័ន្ធបាល់ទាត់កម្ពុជា បើកវគ្គបណ្តុះបណ្តាលអជ្ញាកណ្តាល និងគ្រូបាល់ទាត់ថ្នាក់មូលដ្ឋាន នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានក្នុងខណ្ឌដង្កោទាំងមូល ហើយក្នុងឆ្នាំ២០១៥ ឯកឧត្តម ធ្លាប់បានបំផុសបំផុលឲ្យមានការបង្កើតក្រុមបាល់ទាត់នៅតាមសាលា ជាង៣០ក្រុម មកធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់យុវជន ដែលឯកឧត្តមជាអ្នកឧបត្ថម្ភរៀបចំកម្មវិធីឡើង ហើយនៅពេលនេះ ឯកឧត្តមបានចែកបាល់ជាង១០០គ្រាប់នៅតាមភូមិនិងសាលារៀន ព្រមទាំងបានចែកសម្លៀកបំពាក់កីឡា ឲ្យដល់កុមារដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៧ឆ្នាំ និងសិស្ស និស្សិតមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលកំពុងនៅសិក្សាទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ដោយមិនប្រកាន់វណ្ណៈឬនិន្នាកានយោបាយណាមួយឡើយ។
ក្រោយពីជួបសំណេះសំណាលរួច ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសួរសុខទុក្ខទុរគត៌ជនដែលឯកឧត្តមបាន សាងសង់ផ្ទះថ្មីជូន និងសួរសុខទុក្ខអ្នកជម្ងឺសម្រាកតាមផ្ទះ ព្រមទាំងជួយឧបត្ថម្ភ ថវិកា អង្ករ ទឹកសុទ្ធ ទឹកត្រីទឹកស៊ីអ៊ីវ ជូនពួកគាត់តាមស្ថានភាពជាក់ស្តែង ហើយក៏បានប្រគល់រទេះរុញ ជូនជនពិកាជើងដោយសារគ្រោះថ្នាក់ចរាចរម្នាក់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលនូវសំណូមពរប្រជាពលរដ្ឋ០២នាក់ដែលងងឹកភ្នែក ថានិងជួយដោះស្រាយជូនគាត់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ដោយឯកឧត្តមជាអ្នកធានាការចំណាយទាំងស្រុង លើសពីនេះ ឯកឧត្តមបានសន្យាជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារថ្មីមួយទៀត បន្ថែមពីលើគ្រួសារទុរគត៌ ជរា ពិកា ១១គ្រួសារដែលឯកឧត្តម កំពុងតែជួយឧបត្ថម្ភជារៀងរាល់ខែតាំងពីឆ្នាំ២០១០មក។
គ្រួសារទី១២ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អះអាងថានឹងជួយឧបត្ថម្ភជីវភាពប្រចាំខែនេះ គឺជាបងប្អូនស្រីកំព្រាពីរនាក់ ដែលឪពុកម្តាយស្លាប់ចោលព្រោះជម្ងឺអេដស៍ បច្ចុប្បន្នជ្រោកកោនក្រោមការអាណិតអាសូមើលថែពីម្តាយមីង។ បងស្រីធ្វើកម្មករ ប្អូនស្រីអាយុ១៥ឆ្នាំ អកុសលបាន ឆ្លងមេរោគអេដស៍តពីឪពុកម្តាយ ហើយឧស្សាហ៍មានជម្ងឺ ខកខានចោលការសិក្សារ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសន្យាថា នឹងធានានាំក្មួយស្រី ទៅឲ្យពេទ្យពិនិត្យថែរទាំសុខភាព ទំនាក់ទំនងសាលាឲ្យបានចូលរៀនវិញ ផ្តល់កង់០១គ្រឿង ព្រមទាំង កាតាប សៀវភៅ ប៊ិច ខ្មៅដៅ ជ័រលុប បន្ទាត់ កាបូបប៊ិច សម្រាប់សិក្សា និងឧបត្ថម្ភជារៀងរាល់ខែនូវថវិកា២០ម៉ឺនរៀល អង្ករ ទឹកត្រី ទឹកស៊ីវ គ្រប់គ្រាន់តាមតម្រូវការមិនឲ្យខ្វះទេ។