ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើផ្ទះថ្មី០២ខ្នង ប្រគល់ជូនគ្រួសារទីទាល់ក្រ២គ្រួសារ!

12

នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបុណ្យទិវាកុមារអន្តរជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមន្រ្តីអាជ្ញាធរ មូលដ្ឋានភូមិសង្កាត់និងសហការីនៃសង្កាត់ព្រែកកំពឹស រួមជាមួយនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះជួបសួរសុខទុក្ខនិងប្រគល់ផ្ទះ២ខ្នង ជូនគ្រួសារទីទាល់ក្រ០២គ្រួសារ ក្នុងភូមិព្រែករទាំង និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រួសារទីទាល់ក្រទាំងពីរ រួមមាន៖
១- ឈ្មោះ ខាន់ សួន អាយុ៧០ឆ្នាំ រស់នៅភូមិព្រែករទាំង (មានចៅក្នុងបន្ទុក១០នាក់) ត្រូវបានឯកឧត្តម រ័ត្ន ស្រ៊ាង សាងសង់ផ្ទះថ្មីឲ្យទាំងស្រុង បំពាក់កង្ហាល់ ទូរទស្សន៍ មុង កន្ទេល ឲ្យមួយឈុត និងជួយឧបត្ថម្ភ អង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែ ។
២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់សង្កែ (មានចៅក្នុងបន្ទុក០៧នាក់) ត្រូវបានឯកឧត្តម រ័ត្ន ស្រ៊ាង សាងសង់ផ្ទះថ្មីឲ្យទាំងស្រុង និងឧបត្ថម្ភ អង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែផងដែរ ។
ក្រោយពេលទទួលបានផ្ទះថ្មី ស្ត្រីមេម៉ាយទាំងពីរគ្រួសារ បានសម្តែងការរំភើបត្រេកអរជាអនេក និងមានប្រសាសន៍ចាត់ទុក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមនុស្សដែលមានគុណធម៌ មេត្តាធម៌ និយាយពិត ធ្វើពិត ជាអ្នកមានគុណដ៏ធំមួយសម្រាប់ពួកគាត់ ។
គិតតាំងពីឆ្នាំ២០១០ មកដល់សព្វថ្ងៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជីវភាព មានអង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ជនទីទាល់ក្រ ជរាទុគ៌ត ពិកា ចំនួន១២គ្រួសារមកហើយជារៀងរាល់ខែ និងមិនដែលខកខានឡើយ។