នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៨:៣០នាទី កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌ៧មករា បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យ៉េន ហេងលី ភេទប្រុស អាយុ ១៧ឆ្នាំ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា។
ជនសង្ស័យខាងលើរួមជាមួយបក្ខពួក០៣នាក់ផ្សេងទៀត បានធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះឈ្មោះ អែម វណ្ណៈ បណ្តាលឲ្យរបួសក្បាល និងថ្ពាល់ស្តាំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២:១០នាទី នៅចំណុចអាគារB បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចនាំគ្នាគេចខ្លួនបាត់អស់។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវចាប់ជនសង្ស័យបានម្នាក់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានសារភាពថា រឿងហេតុដំបូងផ្តើមចេញពីមិត្តរបស់ខ្លួនម្នាក់ឈ្មោះ ផេង បានឈ្លោះគ្នាជាមួយប្អូនជនរងគ្រោះឈ្មោះ ម៉ៅ និងជេរគ្នារហូតដល់មានការវាយតប់ ស្រាប់តែជនរងគ្រោះក៏ចូលមកជួយប្អូនគេ ហើយវាយមិត្តរបស់ខ្លួន ទើបធ្វើឲ្យមិត្តខ្លួនមិនសុខចិត្ត ទៅហៅគ្នីគ្នានិងយកដាវមកកាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកបក្សពួកដែលរត់គេចខ្លួន សមត្ថកិច្ច កំពុងស្រាវជា្រវ តាមចាប់ខ្លួនបន្ត។