ចោរឆក់ដៃឆៅ ០២នាក់ ជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ!

19

នៅវេលាម៉ោង ០២:១០នាទីរំលងអធ្រាត ថ្ងៃទី១៧ ឈានចូល ១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ គឺ÷
១/ ឈ្មោះ សៅ វណ្ណា ហៅញាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ
២/ ឈ្មោះ ទេព សុខន ហៅបុត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ។ ពួកគេត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន នៅចំនុចផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ខណៈដែលពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលជាជនបរទេស ឈ្មោះ MOHAMMED HAMZA ABDELHAMED ALLAM ភេទប្រុស អាយុ២៨ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា មុនពេលពួកគេធ្វើសកម្មភាព គឺរូបគេទាំង ០២នាក់ បានជិះម៉ូតូទៅផឹកស៊ី នៅមុខណាហ្កាវើល ពេលផឹកស៊ីរួចហើយ ក៏ត្រលប់មកផ្ទះវិញ លុះដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដែលជាជនបរទេស កំពុងឈរនិយាយទូរស័ព្ធ ដោយឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ របស់ជនរងគ្រោះតែម្តង ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាតឃើញ ក៏ប្រដេញតាមភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ខាងលើផងដែរ។ ចំណែកទូរស័ព្ទដែលដកហូតបាន ត្រូវបានអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។