អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិការអចិន្ត្រៃយ៍ សម្រាប់ឆ្នាំ២០២៤ !

6

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិការអចិន្ត្រៃយ៍ សម្រាប់ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរងនិងជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

បន្ទាប់ពីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការរួច លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ និងពង្រឹងសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជា បញ្ហាក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕