កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៣:០៥ នាទីរសៀល សមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្ត(ឆបោកម៉ូតូ) នៅចំណុច ហាងកាហ្វេទល់មុខហាងអាន់ធ័រ១០៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានឆបោកយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ស្កុបពី ស៊េរីឆ្នាំ២០១៥ ពណ៍ស ស្លាកលេខ តាកែវ 1J-9011 ពីជនរងគ្រោះ ឈ្មោះ តាង សុភី ភេទស្រី អាយុ ៣១ឆ្នាំ។ ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើបានសារភាពថា បន្ទាប់ពី ឆបោកយកម៉ូតូពីជនរងគ្រោះបាន រូបខ្លួន បានយកម៉ូតូនោះ ទៅលក់ឲ្យឈ្មោះ ហន ដារ៉ូ ហៅអាវែង ដែលជាអ្នកទទួលទិញ។
រហូតដល់ម៉ោង ១៥:០៣នាទីថ្ងៃដដែល សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងខណ្ឌទួលគោក បានស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហន ដារ៉ូ ហៅអាវែង ភេទប្រុស អាយុ ២៥ឆ្នាំ នៅចំណុចផ្លូវ១៩៦ កែង២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាអ្នកទទួលទិញម៉ូតូ និងដកហូតបានម៉ូតូ ០១គ្រឿងម៉ាក ហុងដា ស្កុបពី ពណ៍ស ស៊េរីឆ្នាំ២០១៥ ជាម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលត្រូវបានជនសង្ស័យឈ្មោះ ហន ដារ៉ូ ហៅអាវែង បានធ្វើការផ្លាស់ប្តូរស្លាកលេខ ទៅជា ភ្នំពេញ 1GK-9357 ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងធ្វើសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។