តើការធ្វើទាន ដល់កុមារតាមភ្លើងស្តុប ជាអំពើបុណ្យមែនទេ???

28

ប្រទេសកម្ពុជា ជាប្រទេសដែលប្រជាពលរដ្ឋមានជំនឿមុតមាំលើព្រះពុទ្ធសាសនា រីឯការធ្វើបុណ្យដាក់ទាន ជានិមិត្តរូប នៃសេចក្តីល្អដែលប្រជាពលរដ្ឋគិតថា នឹងទទួលបានផលបុណ្យនៅថ្ងៃមុខនិងអនាគតជាតិ!

នៅពេលដែលមានអ្នកដាក់ទានកាន់តែច្រើន នៅទីសាធារណៈ រមណីយដ្ឋាន និងតាមស្តុបផ្លូវកែង ក៏មានអ្នកសុំទាន រឹតតែកើនឡើងកាន់តែច្រើនដែរ។ ព្រោះនៅពេលពួកគេសុំបានស្រួល ពួកគេខ្ជិលធ្វើការ គិតតែពីដើរសុំ ។ ពេលមានកូនចៅកើតមក ក៏យកមកឲ្យជួយដើរសុំទានមិនឲ្យចូលរៀន។ ពេលក្មេងទាំងនោះធំឡើងអត់ចេះអក្សរ អត់មានជំនាញ អត់ចេះធ្វើការ មានតែដើរសុំទានបន្ត។ ពេលសាច់ញាតិនិងអ្នកជិតខាងឃើញគេសុំបានស្រួល អាចបបួលគ្នាមកសុំទានដែរ ព្រោះមិនបាច់ធ្វើការតែរកបានចំណូលច្រើន។ ទីបំផុតតាមស្តុប តាមទីប្រជុំជន តាមរមណីយដ្ឋាន សំបូរដោយអ្នកសុំទាន មិនត្រឹមតែប៉ុណ្ណោះអ្នកសុំទានខ្លះយកលុយទៅចាយវាយក្នុងផ្លូវខុស ដូចជាជក់គ្រឿងញៀន ផឹកស្រា លេងល្បែង… ពេលសុំទានមិនបាន ក៏បែកគំនិតប្រព្រឹត្តអំពើលួច ប្លន់ ផ្សេងៗ។

តែអ្នកខ្លះនិយាយថា ទានដែលគាត់ធ្វើទៅដោយចិត្តបរិសុទ្ធវាជាកុសលផលបុណ្យរបស់គាត់ រីឯអ្នកទទួលទានយកទៅធ្វើអ្វីក៏ដោយ វាជារឿងរបស់គេ តើនេះពិតជាបុណ្យមែនទេ សូមពិនិត្យករណីខាងក្រោម???

នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនស្ត្រីម្នាក់ ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំទៅតុលាការ ក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចពលកម្មលើកុមារ និងរក្សាទុកកុមារដោយខុសច្បាប់។
ស្ត្រីខាងលើ រួមជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀត ត្រូវបានមន្ត្រីជំនាញនៃការិយាល័យបង្ក្រាបបទល្មើស ជួញដូរមនុស្សកងរាជអាវុធហត្ថរាធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ, មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការពន្លកថ្មី និងអង្គការ IJM ធ្វើការបង្ក្រាបជាក់ស្តែងកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២១ និង៣០នាទី នៅចំណុចមុខសណ្ឋាគារកាហ្សា ផ្លូវ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលពួកគេបានបង្ខំឲ្យក្មេងៗដើរសុំទាន ហើយគេនៅមួយកន្លែងចាំយកលុយពីក្មេងៗ ព្រមគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រំដោះបានកុមាររងគ្រោះ០៧នាក់(ក្នុងនោះមានទារក០២នាក់)។ ក្រោយពេលឃាត់ខ្លួន ស្ត្រីជាមេក្លោងខាងលើ បានសារភាពថា រូបគេពិតជាបានប្រមូលក្មេងៗ ពីឳពុកម្តាយក្រីក្រនិងអ្នកសុំទានផ្សេងទៀត ឲ្យមកនៅជាមួយក្នុងនាមជាកូនចៅឬក្មួយ ដើម្បីឲ្យដើរសុំទាន ពិតប្រាកដមែន ហើយរូបគេធ្វើបែបនេះ ប្រហែល៧ទៅ៨ឆ្នាំមកហើយ។

ដោយឡែកតាមការរៀបរាប់របស់ក្មេងៗ ដែលអាវុធហត្ថរាជធានីភ្នំពេញរំដោះបាន បានរៀបរាប់ថា ពួកគេមិនបានរៀនសូត្រទេ ហើយទទួលទានអាហារក៏មិនគ្រប់គ្រាន់ដែរ និងត្រូវបានស្ត្រីដែលឲ្យពួកគេហៅថាម៉ែគម្រាម ឲ្យដើរសុំទានគ្រប់ពេលវេលា ដោយមានបីកូនង៉ាតូចៗ ដែលមិនមែនជាប្អូនរបស់ខ្លួនជាប់ជាមួយផង ហើយ ពួកគេត្រូវដើរសុំទានទាំងយប់ទាំងថ្ងៃ ពិសេសកណ្តាលភ្លៀងធ្លាក់ផងដែរដើម្បីទាញក្តីអាណិតអាសូរ ពីអ្នកឲ្យទាន នៅតាមមាត់ទន្លេ រមណីយដ្ឋានវត្តភ្នំ មុខសណ្ឋាគារកាហ្សា មុខវត្ត មុខវាំង និងតាមស្តុបកែងផ្លូវផ្សេងៗ ក្នុងមួយថ្ងៃពួកគេត្រូវស្ត្រីខាងលើ ដេញឲ្យទៅដើរសុំទានឲ្យបានចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀល បើសុំមិនបានឬបានតិចជាងចំនួនកំណត់ ពួកគេនឹងត្រូវទទួលពិន័យ ២០រំពាត់ឬខ្សែភ្លើងទូរស័ព្ទ រហូតមានស្នាមរបួសតាមខ្លួន ក្បាល និងមុខ។ បច្ចុប្បន្ន ក្មេងៗទាំង៧នាក់នោះ នៅមិនទាន់អាចរកឪពុកម្តាយពិតប្រាកដពួកគេឃើញនៅឡើយទេ ហើយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ទីរសង្គមកិច្ចបានយកពួកគេប្រគល់ឲ្យអង្គការពន្លកថ្មី ដើម្បីចឹញ្ចឹមបីបាច់ មើលថែរក្សា និងចូលសាលារៀនសូត្រផងដែរ។ ចំណែកស្ត្រីម្នាក់ទៀតដែលអាវុធហត្ថឃាត់មកជាមួយគ្នា គ្រាន់តែជួយពរកូនង៉ារឲ្យគេ និងមានសុខភាពទន់ខ្សោយព្រោះកើតជម្ងឺអេដស៍ធ្ងន់ធ្ងរផងនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

ចំពោះករណីខាងលើ តើអ្នកដាក់ទានទាំងនោះកំពុងធ្វើបុណ្យ ឬកំពុងជម្រុញលើកទឹកចិត្តអ្នកសុំទាន ឲ្យកាន់តែមានច្រើន ក្នុងប្រទេស បាត់សេចក្តីថ្លៃថ្នូរជាតិ បាត់សណ្តាប់ធ្នាប់សង្គម ធ្វើឲ្យក្មេងទទួលទារុណកម្ម មិនបានចូលរៀន ខូចអនាគត ព្រមទាំងអាចធ្លាក់ចូលទៅក្នុងអំពើឧបាយមុខផ្សេងៗ??? ប្រាក់ដែលពួកគេដាក់ទានទាំងនោះ មិនបានជាប្រយោជន៍ដល់កុមារតូចៗឡើយ គឺបានតែទៅលើដៃអ្នកនៅពីក្រោយតែប៉ុណ្ណោះ៕