ការជឿដោយមិនពិចារណា ងាយនឹងចាញ់បោកជនល្មើស!

15

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ ទើបតែសម្រេចឃុំខ្លួន បុរសម្នាក់ មានសញ្ជាតិខ្មែរអាមេរិកកាំង ឈ្មោះ វ័ន្ត យ៉េនវីលៀម អាយុ៤៧ឆ្នាំ ជាប្រធានអង្គការមិត្តភាពកម្ពុជា ជប៉ុនផង និងជាប្រធានអង្គការខ្មែរជួយខ្មែរផង។ ជនសង្ស័យខាងលើនេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស តាមបណ្តឹង របស់ជនរងគ្រោះចំនួន១០នាក់ ពាក់ព័ន្ធករណីបោកលុយពួកគាត់ថាជួយរត់ការ ឲ្យពួកគាត់បានទៅប្រទេសអូរស្ត្រាលី ក្នុងរយៈពេល០៥ខែ។
តាមចម្លើយសារភាពរបស់ជនល្មើស ដែលត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការបានរៀបរាប់ថា រូបគេបានចេញទៅអាមេរិកក្នុងឆ្នាំ១៩៩៧ ហើយទទួលបានសញ្ជាតិខ្មែរអាមេរិកក្នុងឆ្នាំ២០០១ ក្រោយមកចេញចូលប្រទេសកម្ពុជា ជាបន្តបន្ទាប់និងបានបើកអង្គការខ្មែរជួយខ្មែរនៅឆ្នាំ២០១៤ ក្នុងគោលបំណងប្រមូលមូលនិធិសប្បុរសជនពីក្រៅប្រទេស ក្រោមលេសយកមកជួយកុមារកំព្រាកម្ពុជា ហើយក្នុងអំឡុងពេលនោះជនល្មើសក៏បានធ្វើការជ្រើសរើស មនុស្សទៅធ្វើការនៅប្រទេសអូស្រ្តាលី ដោយគ្មានអជ្ញាប័ណ្ណអនុញ្ញាតផងដែរ ដោយយកកម្រៃជើងសារក្នុងតម្លៃ ១ម៉ឺន ទៅ២ម៉ឺនដុល្លារអាមេរិក តែក្រោយពេលទទួលបានកម្រៃជើងសារហើយ ជនល្មើសតែងយកលេសដោះសារ គេចពីជនរងគ្រោះដោយមិនបានរត់ការតាមការសន្យា និងបានប្តូរទីតាំងអង្គការពីកន្លែងមួយទៅកន្លែងមួយ។ រហូតដល់ឆ្នាំ២០១៥ ជនល្មើសបានបើកអង្គការថែមមួយទៀតឈ្មោះថា អង្គការមិត្តភាពកម្ពុជា ជប៉ុន និងបានលើកផ្លាកយីហោ មជ្ឈមណ្ឌលអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រខ្មែរ ដោយក្នុងមជ្ឈមណ្ឌលនេះ ជនល្មើសបានទទួលជ្រើសរើសមនុស្សសម្រាប់ចេញទៅប្រទេសអូស្ត្រាលី ដោយគ្មានអជ្ញាប័ណ្ណអនុញ្ញាតជាបន្តទៀត ក្រោយមកដោយជនរងគ្រោះតាមសួរខ្លាំងពេក ជនល្មើសក៏គេចខ្លួនទៅប្រទេសអូរស្ត្រាលីមួយរយៈសិន រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជនល្មើសក៏បានលួចចូលមកស្រុកខ្មែរវិញ ហើយត្រូវបានជនរងគ្រោះប្រទះឃើញ ដាក់ពាក្យបណ្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបានក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ ជនល្មើសបានសារភាពបន្ថែមថា ក្រៅពីបោកប្រាស់ យកកម្រៃជើងសារក្នុងការរត់ការទៅប្រទេសអូរស្ត្រាលីនោះ រូបគេនៅបានលួងលោមបៀតបៀនផ្លូវភេទ ជនរងគ្រោះដែលជានារីវ័យក្មេងមួយចំនួនផងដែរ ជាថ្នូរនឹងការសន្យាជួយរត់ការឲ្យបានចេញក្រៅប្រទេសលឿនបំផុត សរុបមកដល់ថ្ងៃឃាត់ខ្លួន ជនល្មើសធ្លាប់បានទទួលលុយដើម្បីរត់ការចេញក្រៅប្រទេស ពីជនរងគ្រោះជាង៣០នាក់មកហើយ។