កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធចូលក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌមានជ័យ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរតាមនីតិវិធី។
ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ តុលា ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕