ភ្នំពេញ ៖ បន្ទាប់ពីបានទិញម៉ូតូថ្មីចំនួន50គ្រឿងនិងហ្វឹកហាត់បើកបរ អស់មួយរយៈមក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមម៉ូតូធំរបស់(គ)អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការជាលើកទី១ ក្នុងកិច្ចការរពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនដល់គណប្រតិភូចំនួន១៨ប្រទេស ដែលមកចូលរួមកិច្ចប្រជុំជាន់ខ្ពស់សហព័ន្ធ បាល់ទាត់អន្តរជាតិឆ្នាំ២០១៨ នៅកម្ពុជា នាសណ្ឋាគារសូហ្វីថែល ភូគីត្រា។
ដោយសារកន្លងមក សកម្មភាពល្មើសច្បាប់ផ្សេងៗជាពិសេសបទល្មើសឆក់កើតមានជាញឹកញាប់ ហើយជនសង្ស័យច្រើនគេចលឿន ជាងសមត្ថិកិច្ចមួយជំហាន បានធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ សម្រេចចិត្តស្វែងរកមធ្យោបាយដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការតាមប្រម៉ាញ់បង្ក្រាបក្រុមចោរឆក់ទាំងនោះ ដោយបញ្ជាទិញម៉ូតូធំ ម៉ាកហុងដា NC 750cc មកពីប្រទេសជប៉ុនផ្ទាល់ចំនួន50គ្រឿង ទុកសម្រាប់ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូន ប្រតិភូជាតិអន្តរជាតិផង និងជាពិសេសទុកសម្រាប់ តាមប្រម៉ាញ់ក្រុមជនល្មើសឆក់ប្លន់ផង៕