ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ចោរឆក់ ០១នាក់ នេះ មានឈ្មោះ ទេស ចាន់វិទូ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បង្កា្របបាន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទី នៅចំណុចផ្លូវ១៩២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពីរូបគេ រួម និងបក្សពួក ០១នាក់ ទៀត ឈ្មោះ គា អង្គាត ហៅ ពេជ្រ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone 6Plus Gold របស់ជនរងគ្រោះ ដែលកំពុងជិះលើម៉ូតូកង់បី តែមិនបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនទាន់ និងសំណាងមិនល្អ រូបគេធ្លាក់ពីលើម៉ូតូ មិនអាចរត់ទៅណារួច ស្របពេលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញ ក៏ធ្វើការឃាត់ខ្លួនយកមកបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ។ ចំណែកបក្សពួក រូបគេម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។
ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនធ្វើសកម្មភាព រូបខ្លួន និងបក្សពួកឈ្មោះ គា អង្គាត ហៅ ពេជ្រ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ ចេញពីផ្ទះរបស់ខ្លួន ដើម្បីទៅផឹកស៊ីនៅម្តុំបឹងសាឡាង ពេលជិះដល់ផ្លូវ១៩២ កែង២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានឃើញជនរងគ្រោះកំពុងជិះម៉ូតូកង់បី ដោយមានកាន់ទូរស័ព្ទនិយាយ ឃើញឳកាសល្អ រូបខ្លួន និងបក្សពួកដែលជិះម៉ូតូជាមួយគ្នា បានជិះទៅក្បែរ ម៉ូតូកង់បីដែលជនរងគ្រោះកំពុងជិះ ភ្លាមនោះពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ តែពុំបានសម្រេច ដោយសំណាងមិនល្អ រូបគេបានធ្លាក់ពីលើម៉ូតូរត់ទៅណាមិនរួច ស្របពេលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញសកម្មភាពរបស់ពួកគេ ក៏ធ្វើការឃាត់ខ្លួនរូបគេ ចំណែកឈ្មោះ គា អង្គាត ហៅ ពេជ្រ ដែលជាបក្សពួក បានជិះម៉ូតូគេចខ្លួនបាត់តែម្តង៕