អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ លើករណីហិង្សា (កាប់ប្រើកាំបិតប័ុងតោ)

5

ភ្នំពេញ ៖ នៅព្រឹកម៉ោង០៨:០០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ឈ្មោះ អឿន សារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ទៅតុលាការ លើករណីហិង្សា(កាប់ប្រើកាំបិតប៉ាំងតោ) ទៅលើជនរងគ្រោះ ឈ្មោះ សំ សុខហេង ភេទប្រុស អាយុ ២៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ខ្នងដៃឆ្វេង ដេរចំនួន ២០ថ្នេរ និងទ្រូងខាងឆ្វេងលើដោះ ដេរចំនួន ២០ថ្នេរ។

ជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លូន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០:២០នាទី នៅចំណុច ចំណតរថយន្តក្រុង រឹទ្ធ មុនី ខាងក្រោយភូមិគ្រឹះឯកឧត្តម ជា សុផារ៉ា ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈពេល ដែលរូបគេ និងជនរងគ្រោះ កំពុងប្រតាយប្រតប់ គ្នា ដោយក្នុងដៃជនសង្ស័យ មានកាំបិតប៉ាំងតោ ផងដែរ។

ក្រោយពេល ឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានផឹកស្រាបៀរ LEO អស់ ០២កំប៉ុង ជាមួយ និងប្អូនៗរាប់អានគ្នា បន្ទាប់មករូបគេក៏បានទៅរៀបចំកន្លែងឲ្យឪពុកខ្លួនសំរាន្ត ហើយរូបគេបានទៅផឹកស្រាជាមួយមិត្តភក្តិប្រហែល ០៥នាក់ បន្តទៀត នៅតូបលក់គ្រឿងទ្ទេស ដែលមានចម្ងាចប្រហែល ១៥០ម៉ែត្រ ពីចំណតរថយន្តដែលខ្លួនធ្វើការ។ លុះពេលផឹកស្រារួច រូបគេបានដើរត្រលប់មកទិញបាយនៅចំណតរថយន្តខាងលើ ក៏បានជួប ឈ្មោះ ហេង ជាជនរងគ្រោះ ហើយបាននិយាយសួរនាំគ្នា ទៅវិញទៅមក មួយសន្ទុះក្រោយមកស្រាប់តែមានការទាស់សំដីគ្នា រហូតដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះ រូបគេបានទាញកាំបិតប៉ាំងតោ នៅលើជ្រុញអ្នកលក់បាយ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ខ្នងដៃឆ្វេង និងទ្រូងខាងឆ្វេងលើដោះ ហើយក៏មានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង៕