អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូ ០៣នាក់ ទៅតុលាការ

29

ភ្នំពេញ ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០៣នាក់ ទៅតុលាការ។ ពួកគេទាំង ០៣នាក់ នេះ ជាបក្សពួកផ្សេងគ្នា ត្រូវបានកម្លាំងល្បាតអាវុធហត្ថអាវុធហត្ថខណ្ឌចំការមន និងខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាប ឃាត់ខ្លួនបាន ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០១៧ ក្នុងនោះមាន៖

១/ ឈ្មោះ នួន សុខចំរើន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៦:៤៥នាទី នៅចំណុចហាងលក់សំលៀកបំពាក់ZADO ផ្លូវ១៥៥ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ សេរី ឆ្នាំ២០១០ ស្លាកលេខ1AT-6739 របស់ជនរងគ្រោះ ឈ្មោះ ពិល ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ខណៈពេលដែលជនរងគ្រោះបានទៅហែលទឹក និងត្រាំទឹកក្តៅ នៅសណ្ឋាគារ ស្ទីមសូណា A&P ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៧ ក្នុងពេលនោះជនរងគ្រោះ និងជនសង្ស័យ បានត្រាំទឹកក្តៅ ជាមួយគ្នា ហើយដើរនិយាយលេងជាមួយគ្នា ជាធម្មតា នៅក្នុងសណ្ឋាគារ ខាងលើ ពួកគេទាំង ០២នាក់ ស្គាល់គ្នា ដោយចែដន្យ ពេលនៅក្នុងសណ្ឋាគារ ជាមួយគ្នា។ ក្រោយពេលដើរនិយាយគ្នា បានមួយសន្ទុះក្រោយមក ជនរងគ្រោះបានពឹងឲ្យជនសង្ស័យ ខាងលើ ជួយបណ្តើរម៉ូតូរបស់ខ្លួនទុក ហើយបានឲ្យសោរម៉ូតូ ទៅជនសង្ស័យ ខាងលើ ដើម្បីជួយបណ្តើរម៉ូតូទុក ពេលនោះជនសង្ស័យ ខាងលើ បានទៅរកម៉ូតូរបស់ជនរងគ្រោះ និងបានដើរចាក់ម៉ូតូ ០៥គ្រឿង ទើបឃើញម៉ូតូរបស់ជនរងគ្រោះ តែជនសង្ស័យ មិនបានជួយនណ្តើរម៉ូតូនោះទុកទេ តែបានយកម៉ូតូរបស់ជនរងគ្រោះ ជិះទៅបាត់តែម្តង។ ពេលបាត់ជនសង្ស័យ យូរមិនឃើញ មានការសង្ស័យ ជនរងគ្រោះបានចេញទៅមើលម៉ូតូរបស់ខ្លួន មិនឃើញ ភ្លាមនោះ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម កម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ និងមានការសហការពីបុគ្គលិក ក្នុងសណ្ឋាគារ ក៏បានកំណត់មុខសញ្ញាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ខាងលើតែម្តង។

ក្រោយពេល ឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា រូបខ្លួនពិតជាមានចេតនា លួចម៉ូតូ របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ពេលដែលជនរងគ្រោះបានពឹង ឲ្យរូបខ្លួនជួយបណ្តើរម៉ូតូ ទុក តែរូបខ្លួនមិនបានយកម៉ូតូនោះទុកតាមការពឹងពាក់នោះទេ ហើយបានជិះម៉ូតូរបស់ជនរងគ្រោះទៅបាត់តែម្តង ហើយបានយកម៉ូតូនោះ ទៅផ្ញើរនៅក្លឹបកំសាន្ត រ៉ុក បន្ទាប់មករូបគេ បានជិះម៉ូតូម៉ាក វីវ៉ា ទៅផ្ទះរបស់គេវិញ។ លុះដល់ថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០១៧ រូបគេក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្តង។

២/ ឈ្មោះ សាត ប៊ុនចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ , ៣/ ឈ្មោះ ជឹង បូរី ហៅ យ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ពួកគេទាំង ០២នាក់នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧:០០នាទី ក្នុងពេលសមត្ថកិច្ចអាវុធហត្ថ កំពុងចុះឆែកឆេរ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចក្បែរស្ពានលីយ៉ុងផាត់ ត្រើយខាងកើត ខណ្ឌជ្រោយចង្វារ ស្រាប់តែពេលនោះ ជនសង្ស័យទាំង ០២នាក់នេះ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GG-6812 ឆ្លងកាត់នៅចំណុចដែលសមត្ថកិច្ចកំពុងត្រួតពិនិត្យ ឃើញគួរឲ្យសង្ស័យ ក៏បានឲ្យជនសង្ស័យទាំង ០២នាក់ នេះ ឈប់ ដើម្បី ឆែកឆេរ។ ក្នុងពេលកំពុងឆែកឆេរ សមត្ថកិច្ចអាវុធហត្ថ បានឆែកឃើញសម្ភារៈមួយចំនួន សំរាប់ធ្វើសកម្មភាពលួច មានដូចជា ដែកសំរាប់កាច់សោរ ក ម៉ូតូ កូនសោរម៉ូតូ ទូដឺវីស និងដែកកាប់ដែលសៀតជាប់និងចង្កេះ ឈ្មោះ ជឹង បូរី ហៅយ៉ន ក្រោយពេលឆែកឆេរឃើញសម្ភារៈទាំងអស់នេះ សមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ នេះ តែម្តង។

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពឲ្យដឹងថា សម្ភារៈទាំងអស់ ដែលសមត្ថកិច្ចអាវុធហត្ថឆែកឆេរឃើញ គឺពួកគេបានដាក់តាមខ្លួនក្នុងគោលបំណង ចេញទៅរកលួចម៉ូតូ នៅខេត្តកំពង់ចាម និងកំពង់ធំ។ ពួកគេទាំង ០២នាក់ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែវិច្ជិកា ឆ្នាំ២០១៧ ពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង នៅខេត្តកំពង់ចាម តែពុំបានសម្រេច ដោយត្រូវម្ចាស់ម៉ូតូមកទាន់ ហើយពួកខ្លួន បានជិះម៉ូតូគេចខ្លួនមកភ្នំពេញវិញ។ កន្លងមកពួកគេធ្លាប់ប្រើបា្រស់គ្រឿងញៀន រយៈពេល ០១ឆ្នាំ មកហើយ៕