អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវសស្រាក់សស្រាំ បង្ក្រាបក្រុមចោរឆក់ ចោរកាច់ករម៉ូតូ យ៉ាងសកម្ម ចំនួន ០៩នាក់!

25

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ ចោរកាច់ករម៉ូតូ ដ៏កក្រើករាជធានីភ្នំពេញ ចំនួន ០៩នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ក្រុមចោរទាំងនោះ មាន០៨នាក់គឺជាកំពូលចោរឆក់ ដ៏សកម្មគ្មានញញើតដៃ ស្ថិតក្នុងក្រុមតែមួយ ហើយត្រូវអាវុធហត្ថចាប់បានជាបន្តបន្ទាប់ និងម្នាក់ទៀតជាចោរលួចកាច់កម៉ូតូដ៏សកម្មផងដែរ។ ការបង្ក្រាបយ៉ាងមានប្រសិទ្ធិភាពនេះ កើតឡើងបន្ទាប់ពីមានករណី ចោរឆក់មួយក្រុម បានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។ លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ អាវុធហត្ថខណ្ឌឬស្សីកែវ សហការណ៍ ជាមួយជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌជ្រោយចង្វារ និងអាវុធហត្ថស្រុកមុខកំពូល នៃខេត្តកណ្តាល បានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលជាបក្ខពួកក្នុងអំពើឆក់ ឈ្មោះ ហេង ផានិត អាយុ១៨ឆ្នាំ នៅចំណុចភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់មកសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្ត តាមចាប់បក្ខពួកថែម ចំនួន០៦នាក់ ក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែតុលាឆ្នាំ២០១៧ អាវុធហត្ថខណ្ឌដូនពេញ ក៏បានស្រាវជ្រាវឃាត់ខ្លួនបក្ខពួកម្នាក់ទៀត សរុបក្រុមចោរឆក់ដែល ឃាត់ខ្លួនបាន ចំនួន០៨នាក់។

តាមចម្លើយសារភាព របស់ក្រុមខាងលើនេះ អាចនិយាយបានថាពួកគេគឺជាក្រុមចោឆក់វ័យក្មេងដ៏សកម្មបំផុត និងឃោរឃៅបំផុត ក្នុងរាជធានីភ្នំពេញ។ រាល់លើកមុនពេលពួកគេចេញធ្វើសកម្មភាពឆក់ ពួកគេតែងតែសម្ងំជក់ ថ្នាំញៀនក្នុងបន្ទប់ជាមុន ទើបចេញស្វែងរកឱកាសដើម្បីឆក់ ដោយមិនគិតពីលទ្ធផលគ្រោះថ្នាក់របស់ជនរងគ្រោះ ពេលខ្លះការឆក់របស់ពួកគេ អាចបណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូ ស្លាប់ឬពិកា ក៏មាន។

តាមរយៈវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើឲ្យជនសង្ស័យទាំង៨នាក់សារភាព ព្រមគ្នាថា កន្លងមកពួកគេ ពិតជាបានធ្វើសកម្មភាពឆក់ជាច្រើនលើក ក្នុងភូមិសាស្ត្រផ្សេងៗនៃរាជធានីភ្នំពេញ ពិតប្រាកដមែន ដោយមានបក្ខពួកចំនួន១២នាក់ ប្រើប្រាស់មូតូចំនួន០៥គ្រឿង ចេញឆក់ទូរស័ព្ទនិងកាបូបលុយ ជាញឹកញាប់ តែមិនអាចចាំទីកន្លែងនិងពេលវេលាទាំងអស់នោះទេ។ ករណីឆក់ថ្មីៗដែលក្រុមពួកគេចាំបានរួមមាន៖

01- ក្នុងខែឧសភា ឆ្នាំ២០១៧ ឆក់បានកាបូបស្ពាយ០១ មានប្រាក់ចំនួន ២០០ដុល្លា អាមេរិក និងប្រាក់ខ្មែរ ២០ម៉ឺនរៀល ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈផ្សេងៗទៀត ឆក់ពីនារីជនរងគ្រោះដែលកំពុងជិះម៉ូតូមិនចាំម៉ាក តែម្នាក់ឯង នៅចំណុចលើផ្លូវសហព័ន្ធរុស្សី ជិតស្ពានអាកាស៥មករាម៉ោងប្រហែល៩ទៅ១០យប់ ដោយពួកគេជិះម៉ូតូ ០៤គ្រឿងគ្នា១០នាក់ ដើម្បីធ្វើសកម្មភាពឆក់។

02- ក្នុងខែឧសភា ឆ្នាំ២០១៧ ដដែល ពួកគេបានធ្វើសកម្មភាពឆក់នៅម្តុំស្ទឹងមានជ័យ ដោយឆក់បានកាបូបស្ពាយ១ ប្រាក់ដុល្លា ៥០ដុល្លា អាមេរិក និងប្រាក់ខ្មែរ ០៥ម៉ឺនរៀល ទូរស័ព្ទដៃ ០១គ្រឿង ឆក់ពីស្រ្តី ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកធូដេ នៅចំណុចជិតស្ពានស្ទឹងមានជ័យ ឆ្ពោះទៅមន្ទីរពេទ្យរុស្សី ម៉ោងប្រហែលជាង១០យប់ ដោយពួកគេជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ដើម្បីធ្វើសកម្មភាបឆក់។

03- ក្នុងខែមិថុនា ឆ្នាំ២០១៧ ឆក់បានកាបូបស្ពាយ១ ប្រាក់ដុល្លា ១៥០ដុល្លា អាមេរិក ប្រាក់ខ្មែរ ២០ម៉ឺនរៀល ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក សាំសុង ឆក់ពីស្រ្តី ០១នាក់ កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវនៅលើស្ពានអាកាស៧មករា ម៉ោងប្រហែល១២យប់ ដោយពួកគេជិះម៉ូតូ០២គ្រឿង គ្នា០៣នាក់ ដើម្បីធ្វើសកម្មភាពឆក់។

04- ក្នុងខែមិថុនា ឆ្នាំ២០១៧ដដែល ឆក់បានកាបូបស្ពាយ១ លុយ៥០ដុល្លារ លុយខ្មែរ៤ម៉ឺនរៀល រួមជាមួយ ក្រឌីតកាត ប៉ាស្ព័រ កាតអេធីអឹម បោះចោលក្នុងគំនរសម្រាមតាមផ្លូវ ពីស្ត្រីបរទេសម្នាក់ជិះម៉ូតូម្នាក់ឯង នៅចំណុចហួស ក្លោងទ្វារវត្តមហាមន្ត្រី វេលាម៉ោងប្រហែល៨ទៅ៩យប់ ដោយជិះម៉ូតូ០២គ្រឿង គ្នា០៤នាក់ ដើម្បីធ្វើសកម្មភាពឆក់ ។

05- ក្នុងខែមិថុនា ឆ្នាំ២០១៧ ឆក់បានកាបូបស្ពាយ១ ប្រាក់ដុល្លា៥០០ដុល្លា ប្រាក់ខ្មែរ១លានរៀល ព្រមទាំងឯកសារ ផ្សេងៗមួយចំនួន ពីស្រ្តីជនជាតិបរទេស០១នាក់ នៅចំណុចមុខវត្តមហាមន្ត្រី ម៉ោងប្រហែល ៧ទៅ៨យប់ ដោយពួកគេជិះម៉ូតូ០២គ្រឿង គ្នា០៤នាក់ ដើម្បីធ្វើសកម្មភាពឆក់។

06- ក្នុងខែកញ្ញា ឆ្នាំ២០១៧ បានឆក់កាបូបស្ពាយមួយមិនបានសម្រេច ពីស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯង នៅចំណុចស្តុបកាណាឌីយ៉ា ខណ្ឌដូនពេញ ម៉ោងប្រហែល០៥ទាបភ្លឺ ដោយពួកគេជិះម៉ូតូ០៣គ្រឿង គ្នា០៦នាក់ ដើម្បីធ្វើសកម្មភាពឆក់។

07- ក្នុងខែកញ្ញា ឆ្នាំ២០១៧ ដដែល ឆក់បានកាបូបស្ពាយចំហៀង១ មានលុយ១៤ម៉ឺនរៀល និងទូរស័ព្ទម៉ាក LG មួយគ្រឿង ពីមនុស្សប្រុសម្នាក់ស្រីម្នាក់ កំពុងជិះម៉ូតូឌុបគ្នាលើផ្លូវ នៅចំណុចស្តុបពេទ្យចិន អាគារ៤២ជាន់ ខណ្ឌចំការមន វេលាម៉ោង ១១យប់ ដោយពួកគេជិះម៉ូតូ០៣គ្រឿង គ្នា០៦នាក់ ដើម្បីធ្វើសកម្មភាបឆក់។

08-ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឆក់កាបូបស្ពាយពណ៌ខ្មៅមួយមិនបានសម្រេច ពីស្ត្រីម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ នៅចំណុចវត្តភ្នំ ខាងលិចសាលា NUM ជិតស្ថានទូតអាមេរិក ម៉ោងប្រហែល០១រំលងអាធ្រាត ដោយជិះម៉តូ ០៥គ្រឿង គ្នា១១នាក់

09- ក្នុងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានឆក់ទូរស័ពដៃ អាយហ្វូន ពណ៌ស ០១គ្រឿង មិនបានសម្រេច ពីជនរងគ្រោះជាស្រី០៣នាក់ កំពុងជិះម៉ូតូឌុបគ្នា នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត វេលាម៉ោងប្រហែល១០យប់ ដោយពួកគេជិះម៉ូតូ០៣គ្រឿង គ្នា០៦នាក់ ដើម្បីធ្វើសកម្មភាពឆក់។

10- ក្នុងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ដដែល បានឆក់កាបូបស្ពាយពីជនរងគ្រោះម្នាក់ មិនបានសម្រេច នៅចំនុចមាត់ទន្លេ ក្រោមស្ពានជ្រោយចង្វារ ឆ្ពោះទៅមុខវាំង ម៉ោងប្រហែល០៤ ទាបភ្លឺ ដោយជិះម៉ូតូ០៣គ្រឿង គ្នា០៦នាក់ ដើម្បីធ្វើសកម្មភាពឆក់។

11- ក្នុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឆក់បានកាបូបស្ពាយមួយមានលុយ១០ដុល្លា និងឆ្នាំងសាក់ទូរស័ព្ទមួយ ពីមនុស្សប្រុសម្នាក់ ស្រីម្នាក់ កំពុងជិះម៉ូតូឌុបគ្នា នៅចំណុច ម្តុំផ្សារដីហុយ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោងប្រហែល០១:០០នាទី រំលងអាធ្រាត ដោយជិះម៉ូតូ០៥គ្រឿង គ្នា១២នាក់ ដើម្បីធ្វើសកម្មភាពឆក់។

12- ក្នុងឆ្នាំ២០១៧នេះដែរ តែមិនចាំថ្ងៃខែ ឆក់បានកាបូប១ មាន បា្រក់ ១០ម៉ឺនរៀល និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក Sumsung Galaxy S2 ពីមនុស្សប្រុសស្រី០២នាក់ កំពុងជិះម៉ូតូឌុបគ្នា នៅចំណុចលើស្ពានជ្រោយចង្វារចាស់ វេលាម៉ោង ១៨:០០នាទី ដោយពួកគេ ជិះម៉ូត០២គ្រឿង គ្នា០៤នាក់ ដើម្បីធ្វើសកម្មភាព។

13- លុះដល់ថ្ងៃទី១៩, ២០, ២១ ខែតុលា ឆ្នាំ២០១៧ ក្រុមចោរឆក់ទាំង១២នាក់នេះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ចំនួន០៨នាក់ និងបង្ក្រាបបានចោរកាច់កម៉ូតូ ម្នាក់ផ្សេងទៀត សរុប០៩ នាក់ ធ្វើការបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។