នៅរសៀលម៉ោង០២:០០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ជាចោរឆក់(ឆក់កាបូប) ទៅតុលាការ។
ជនសង្ស័យទាំង ០២នាក់ នេះ មាន៖
១/ ឈ្មោះ សូ គឹមសាន់ ហៅគក់ ភេទប្រុស អាយុ ២៣ឆ្នាំ
២/ ឈ្មោះ យឹម ឌីម ភេទប្រុស អាយុ ២៣ឆ្នាំ
ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១:០០នាទី រំលងអាធ្រាត ថ្ងៃទីខាងលើ បន្ទាប់ពីជនសង្ស័យទាំង ០២នាក់ នេះ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីជនរងគ្រោះ ឈ្មោះ ហឿន ស៊ានហ៊ន់ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរចុងភៅ ខណៈពេលដែលជនរងគ្រោះ រួម និងមិត្តភក្តិ ឈ្មោះ ឌី បានជិះម៉ូតូជាមួយគ្នា ម៉ាក ធូដេ ចេញពីធ្វើការនៅផ្សារកុងទីន័រ ក្នុងគោលបំណងទៅរកហូបចំណីនៅម្តុំផ្សារសូរិយ៉ាមល លុះពេលជិះដល់ចំណុចផ្លូវ១៧២ ស្រាប់តែមានជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាសរីវូ ពណ៍ខ្មៅ តាមក្រោយរូបគេទាំង ០២នាក់(ជនរងគ្រោះ) ភ្លាមនោះ ជនសង្ស័យទាំង ០២នាក់ នោះ ក៏បានធ្វើសកម្មភាព ឆក់ កាបូប របស់ខ្លួនតែម្តង បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេចហើយ ជនសង្ស័យទាំង ០២នាក់ ខាងលើ បានជិះគេចខ្លួនតាមបណ្តោយផ្លូវ១៧២ ពីកើត ទៅលិច ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថឃើញ សកម្មភាពពួកគេ ក៏ប្រដេញតាមភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ ០២នាក់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងដូចគ្នាថា មុនពេលធ្វើសកម្មភាព ពួកគេបានផឹកស៊ីនៅតាខ្មៅ និងចាក់អង្រែលើ បន្ទាប់មកក៏មកផឹកស៊ីនៅកោះពេជ្របន្តទៀត ក្រោយពេលផឹកស៊ីរួច ពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ុយគីស្មាសរីវូ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1X-6993 ជុំវិញវិមានឯករាជ្យ ដោយសំដៅទៅលេងក្លឹប ហាត នៅពេលជិះដល់ផ្លូវ១៧២ កែង៥១ ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូម៉ាក ធូដេ មានគ្នា ០២នាក់ ឃើញ ឳកាសល្អ ពួកគេបានជិះម៉ូតូទៅក្បែរម៉ូតូជនរងគ្រោះ ដែលកំពុង ឌុបគ្នា ក៏បានធ្វើសកម្មភាព ឆក់ កាបូប ពីជនរងគ្រោះ ដែលអង្គុយខាងក្រោយបានសម្រេចតែម្តង ស្របពេលដែលកម្លាំងអាវុធហត្ថល្បាត ឃើញ ក៏ប្រដេញតាមបង្ក្រាបបាន ជនសង្ស័យទាំង ០២នាក់ ខាងលើ ភ្លាមៗផងដែរ។