នៅរសៀលម៉ោង០២:០០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ករណី លួចស្រាបៀរ ក្រុមហ៊ុន (ស្រាបៀរអាន់ឆ័រ)។
ជនសង្ស័យទាំង ០២នាក់នេះ មាន៖
១/ ឈ្មោះ រិត រ៉ូ ភេទប្រុស អាយុ ២៤ឆ្នាំ
២/ ឈ្មោះ យ៉េង យ៉ាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ
ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២៣:៣០នាទី នៅចំណុចរោងចក្រ CBL ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ចែម ចិត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មេការក្រុមហ៊ុន ST។ ពួកគេទាំង ០២នាក់ ខាងលើ បានប្រព្រឹត្តអំពើនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលពួកគេបានដឹកកេះស្រាបៀរ ចេញពីក្រុមហ៊ុន អានតា យកទៅដាក់នៅរោងចក្រ CBL ក្រោយពេលទំលាក់រួច បុគ្គលិកឃ្លាំងរោងចក្រ CBL ០១នាក់ បានបញ្ជាឲ្យពួកគេដឹកស្រាបៀរ អាន់ឆ័រ ចេញ ដោយឲ្យឈ្នួលដឹកចំនួន ៤០០$(ដុល្លាអាមេរិក)។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៧:០០នាទី រូបគេទាំង ០២នាក់ បានទទួលបញ្ជាពីក្រុម ST ឲ្យដឹកជញ្ជូនសំបកកេះស្រាបៀរក្រោនចំនួន ១៤បាឡេត (ស្មើនិង២ម៉ឺនសំបកកេះ) ពីក្រុមហ៊ុន អានតា ទៅដាក់នៅរោងចក្រ CBL ក្រុងតាខ្មៅ ពេលទៅដល់ពួកគេ រួមនិងបុគ្គលិករោងចក្រ CBL បានទម្លាក់កាតុងអស់ បន្ទាប់មកមានបុគ្គលិកយាមឃ្លាំង ០១នាក់ នៅរោងចក្រខាងលើ បានឲ្យរូបគេទាំង ០២នាក់ ដឹកស្រាបៀរ អាន់ឆ័រ ចំនួន ០២បាឡេត ចេញពីរោងចក្រ CBL យ៉ាងប្រញាប់ប្រញាល់ និងឲ្យថ្លៃឈ្នួលដឹក ៤០០$(ដុល្លាអាមេរិក) ចែកគ្នាស្មើ ព្រមទាំងបានប្រាប់ថា នៅពេលដឹកចេញចំងាយ ២០០ម៉ែត្រ និងមានគេចំាទទួលហើយ។ លុះពេលពួកគេ ដឹកស្រាបៀរ ចេញពីរោងចក្រ CBL ចំងាយប្រហែល ២០០ម៉ែត្រ ក៏បានជួប និងបុរសម្នាក់ បាននាំផ្លូវពួកគេចូលតាមផ្លូវលំ ចំងាយប្រហែល ៥០ម៉ែត្រ ក៏ឃើញមានរថយន្ត ០១គ្រឿង ទៀតឈប់រងចាំ ដើម្បីដឹកស្រាបៀរ តពីពួកគេទាំង ០២នាក់ ក្រោយពេល ជញ្ជូនស្រាបៀរដាក់លើរថយន្ត ០១គ្រឿងទៀត រួចរាល់ហើយ ពួកគេទាំង ០២នាក់ បានបើករថយន្តត្រលប់មកក្រុមហ៊ុន ST វិញ។