នារសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
*ករណីទី១៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចដីឡូរ៍ទុកចោល គ្មានលេខមួយកន្លែង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ នៅវេលាម៉ោង១៣.៤៥នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀត នៅចំណុចការ៉ាស់ជួសជុលរថយន្ត ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៩កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ ជនសង្ស័យទាំង០៤មានឈ្មោះ ៖ ១.ឈ្មោះ សាន សារៀង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូរ៍ទុកចោល គ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ២.ឈ្មោះ ឡុង បូ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៣.ឈ្មោះ ចាន់ ស្រីណា ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូរ៍ទុកចោល គ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៤ ឈ្មោះ ចាន់ ចំរើន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
*ករណីទី២៖ នៅវេលាម៉ោង៣:៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបជាក់ស្ដែងករណីគ្រឿងញៀននៅចំណុចផ្លូវឌឿងហែម លេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៊ុន វិច្ឆិកា ហៅ ពេជ្រខ្ទើយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។