អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ!

9

នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួច,ប្លន់ ម៉ូតូ ០៤លើក) និងរកស៊ីចែកចាយគ្រឿងញៀនខុសច្បាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ សែម ព្រែក ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី នៅចំណុច ក្រោយវត្តហា ភូមិលោម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរូបគេរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ដើម្បីលក់ចែកចាយបន្ត។ បន្ទាប់ពីឃាត់ខ្លួនបាន ឃើញថាជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ព្រមទាំងធ្វើសកម្មភាពលួច និងប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាច្រើនលើកមកហើយ ទើបប្រគល់ឲ្យ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេតែងតែរកស៊ីចែកចាញគ្រឿងញៀនជាមុខរបរ ហើយក្រៅពីរកស៊ីចែកចាយគ្រឿងញៀន រូបគេ និងបក្ខពួក ឈ្មោះ មនោ ស៊ីនិត ភេទប្រុស(អាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួន) ធ្លាប់ធ្វើសកម្មភាពលួច និងប្លន់ម៉ូតូ បានសម្រេច ០៤លើកមកហើយ ដោយឈ្មោះ មនោ ស៊ីនិត ជាអ្នកយកទៅលក់ ៖

លើកទី១ កាលពីមួយឆ្នាំមុន ពួកគេ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង នៅចំណុច ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លក់បានតម្លៃ ១៧០ដុល្លា អាមេរិក។

លើកទី២ កាលអំឡុងឆ្នាំ២០១៩ វេលាម៉ោង០១រំលងអធ្រាត្រ ពួកគេ ធ្វើសកម្មភាពប្លន់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពីជនរងគ្រោះភេទប្រុស ជិះម្នាក់ឯង នៅចំណុច ម្តុំផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លើកទី៣ ប្រហែល ០៣ខែមុន ពួកគេ ធ្វើសកម្មភាពប្លន់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពីជនរងគ្រោះភេទប្រុស ជិះម្នាក់ឯង នៅចំណុច ម្តុំវត្តឬស្សីសាញ់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លើកទី៤ ប្រហែលកន្លះខែមុន ពួកគេ ធ្វើសកម្មភាពប្លន់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ស្កូបពី ពណ៍ទឹកដោះគោ ពីជនរងគ្រោះភេទស្រី ជិះម្នាក់ឯង នៅចំណុច ម្តុំស្ពានព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ ខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ធ្លាប់ជាប់ពន្ធនាគារព្រៃសរ រយៈពេល ០១ឆ្នាំពីបទលួច ម៉ូតូ ហើយចេញមកវិញនៅឆ្នាំ២០១៩ ហើយគ្រប់ពេលធ្វើសកម្មភាពលួច និងប្លន់ គឺពួកគេជិះម៉ូតូសណ្តោងរ៉ឺម៉ក របស់ឈ្មោះ មនោ ស៊ីនិត ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួន៕