អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ!

15

នៅរសៀលម៉ោង១៤:០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា។ ជនសង្ស័យមានឈ្មោះ GIDEON LEE ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ កូរ៉េ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២១:១០នាទី នៅចំណុចស្តង់ទិញលក់ម៉ូតូ ក្បែររង្វង់មូលវត្ថសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពវាយ និងយកកូនកាំបិតចាក់លើជនរងគ្រោះ បណ្តាលឲ្យរបួសត្រចៀក ខ្នង ៣កាំបិត និងចំពោះខាងឆ្វេង។

តាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃកើតហេតុខាងលើ ខ្លួនបានទិញម៉ូតូ ០១គ្រឿងម៉ាក ហុងដា 110E តួប្រុស ពណ៍ក្រហម ពីជនរងគ្រោះដែលជាអ្នកទទួលទិញ និងលក់ម៉ូតូ ក្នុងតំលៃ ៣២០ដុល្លា អាមេរិច ដោយប្រាក់មិនទាន់គ្រប់ ជនសង្ស័យខាងលើ ក៏ឲ្យ ២១០ដុល្លា សិន និងសន្យាថា ឲ្យបង្ក្រប់នៅថ្ងៃបន្ទាប់ ដោយបានរក្សាទុកអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ ទៅឲ្យជនរងគ្រោះដែលជាអ្នកទទួលទិញ និងលក់ម៉ូតូ។ បន្ទាប់មកជនសង្ស័យខាងលើ បានជិះម៉ូតូចេញទៅបាត់ លុះ ១ម៉ោងក្រោយមក ខ្លូនបានយកម៉ូតូដែលខ្លួនទិញ មកឲ្យជនរងគ្រោះវិញ ដោយប្រាប់ថាម៉ូតូរលត់ ហើយជនសង្ស័យ សុំយកលុយដែលបានកក់ទុកវិញ តែជនរងគ្រោះមិនព្រម ក៏មានការប្រកែកគ្នា ប្រហែល ១ម៉ោង តែមិនត្រូវរ៉ូវគ្នា ជនសង្ស័យខាងលើ បានយកកាំបិតចេញពីហោប៉ៅខ្លួន ទៅចាក់លើជនរងគ្រោះ ដែលជាអ្នកទិញ និងលក់ ០២នាក់ បណ្តាលឲ្យរបួសហូរឈាម។ ភ្លាមនោះ កម្លាំងអាវុធខណ្ឌ៧មករា ដែលល្បាតឃើញ ក៏បានអន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យខាងលើ តែម្តង។