ស្មានថាជាឧត្តមសេនីយ៍ផ្កាយពីរ ពេលអាវុធហត្ថរាជធានី ចាប់បាន គឺត្រឹមតែជាអ្នកគួកជេរដីនិងជាតៃកុងឡានធម្មតាសោះ!

4

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។

ជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់ ។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង។ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។

ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី។ករណីកើតឡើងខាងលើនេះ គឺដូចគ្នាទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែកនៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា ” បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំ មកហើយគឺ ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត។ យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ”។ ជាពិសេស ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ទៀតថា ” ឯកឧត្តម ថតសែលហ្វីជាមួយមនុស្សរាប់ពាន់នាក់ រាប់រយនាក់ តែអ្នកខ្លះបានរូបថតជាមួយឯកឧត្តមមួយប៉ុស្ត៍ ក៏ដើរធ្វើបាបគេ ប្រព្រឹត្តអំពើខុសឆ្គង ដោយភូតកុហក់ថាជាជំនួយការរបស់ឯកឧត្តម ដើរចាប់ដី ដែលមនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមៗ។ ពីណាដែលយកឈ្មោះឯកឧត្តមទៅប្រើ ទោះជាជំនួយការឯកឧត្តមឬអ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺចាប់ទៅមិនបាច់សួរយោបល់ទេ ហើយបើប្រាប់ឯកឧត្តម គឺឯកឧត្តម ប្តឹងថែមពីលើទៀត។

ដូច្នេះតាមរយៈសារ ដ៏មានតម្លៃ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ គឺជាជំនួយស្មារតី ក្នុងការដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសារធារណៈជនទូទៅ តោងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ កុំឲ្យចាញ់បោកជនទុច្ចរិត ដោយត្រឹមតែឃើញរូបថត ដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕