តើនណាខ្លះ ដែលគាំទ្រមុខរបរសុំទានក្នុងសង្គម?

20

ជាកាពិតគ្មានរបរអ្វីស្រួលរកប្រាក់ជាងការដើរសុំទាននោះទេ ព្រោះមិនបាច់មានចំណេះ មិនបាច់មានជំនាញ មិនបាច់ មានដើមទុន តែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ តែវាក៏ជះឥទ្ធិពលមិនល្អដល់សង្គមផងដែរ!

ស្ទើរតែរាល់ថ្ងៃ គេតែងសង្កេតឃើញមានអ្នកដើរសុំលុយជាមនុស្សពេញកម្លាំងទាំងប្រុសទាំងស្រី តែងដើរលើកដៃសំពះសុំលុយគេ នៅតាមទីប្រជុំជនទាំងនៅក្នុងទីក្រុងក៏ដូចជាតាមបណ្តាខេត្ត។ អ្នកដើរសុំពេញកម្លាំងទាំងនោះ ច្រើនយក លេសប្រាប់ថា ពួកគេជាកម្មករ មកពីប្រទេសថៃគ្មានលុយហូបបាយនិងគ្មាន សោហ៊ុយ ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ។ ហើយថ្មីៗនេះចំនួនអ្នកក្លែងធ្វើជាកម្មករមកពីប្រទេសថៃដើរសុំលុយគេ ស្រាប់តែមានការកើនឡើងកាន់តែច្រើនក្នុងរាជធានី ភ្នំពេញគួរឲ្យសំគាល់ ដែលសកម្មភាពនិងពាក្យកុហក់របស់ពួកគេបានជះឥទ្ធិពលមិនល្អដល់សង្គម ធ្វើឲ្យមានការភ័ន្តប្រឡំថា ប្រទេសខ្មែរគ្មានការងារធ្វើ កម្មករចំណាកស្រុកលំបាកវេទនា រហូតធ្លាក់ខ្លួនដើរសុំលុយគេ ធ្វើឲ្យភ្ញៀវអន្តរជាតិជាពិសេសអ្នកទេសចរណ៍បរទេស មើលស្រាលស្រុកខ្មែរថាជាប្រទេសសំបូរទៅដោយអ្នកសុំទាន តែធាតុពិតពួកគេមិនមែនជាកម្មករ ហើយក៏មិនមែនជាអ្នកទីទាល់ក្រលំបាក អត់ផ្ទះសម្បែង អត់លទ្ធភាពធ្វើការនោះដែរ គ្រាន់តែពួកគេខ្ជិលធ្វើការ ចូលចិត្តដើរបោកប្រាស់ អ្នកដ៏ទៃដើម្បីសុំលុយបានដោយស្រួលៗប៉ុណ្ណោះ បើទោះជាបច្ចុប្បន្ន ប្រាក់ឈ្នួលពលកម្មរបស់កម្មករអត់ជំនាញ នៅកម្ពុជាអាចរកបាន ពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃក៏ដោយ ក៏ពួកគេ មិនព្រមធ្វើការងារជាកម្មករដែរ ព្រោះថាមុខរបរសុំលុយក្នុងមួយថ្ងៃអាចរកប្រាក់បានជាង១០ម៉ឺនរៀលដោយងាយស្រួល។

តើអ្នកឲ្យទានទាំងអស់ គឺអាចមានចំណូលច្រើនជាងពួកអ្នកដើរសុំដែរឬទេ? សូមក្រឡេកមើលរឿងពិតជាក់ស្តែងដូចខាងក្រោម៖

ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ថាមានយុវជនពេញកម្លាំងជាច្រើននាក់ចេះតែដើរសុំលុយតាមផ្ទះ តាមហាង សមាសភាពប្លែកៗ គួរឲ្យសង្ស័យ ទើបនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២០និង០០នាទី អាវុធហត្ថខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានចុះប្រមូលយុវជនដើរសុំលុយគេ០៥នាក់ខណះពួកគេ បាននិងកំពុងដើរសុំ នៅចំណុចផ្លូវ130 កែងផ្លូវលេខ5 សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មកធ្វើការសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ឆ្លើយតបជាមួយ សមត្ថកិច្ចអាវុធហត្ថ ពួកគេទាំង០៥នាក់បានរៀបរាប់ថា ពួកគេជាអ្នករស់នៅផ្ទះជាប់ៗគ្នា ក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឃើញអ្នកភូមិជាមួយគ្នារកលុយបានច្រើនតាមរយៈការដើរសុំទាន ទើបពួកគេ បានបបួលគ្នាឡើងមកភ្នំពេញដើម្បីដើរសុំលុយដោះស្រាយជីវភាពគ្រួសារ ទិញជីដាក់ស្រែនិងដោះស្រាយ បញ្ហាផ្សេងៗទៀត។ ហើយក្នុងចំណោមពួកគេទាំង5នាក់នោះគឺមានម្នាក់ឈ្មោះ អាត ពេជ្រ ជាមេក្លោងដឹកនាំដើរសុំលុយគេនៅរាជធានីភ្នំពេញ និងជាអ្នករៀបចំពាក្យនិយាយកុហក់ បោកប្រាស់មហាជន ថាពួកខ្លួនទាំងនេះជាកម្មករទើបមកពីប្រទេសថៃ អត់លុយហូបបាយនិងអត់លុយជិះឡានឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែតាមការពិតពួកគេមិនមែនជាកម្មករមកពីប្រទេសថៃអ្វីនោះទេ គ្រាន់តែនិយាយបោកប្រាស់ ឲ្យគេអាណិតអាសូរ ដើម្បីបានលុយប៉ុណ្ណោះ។ ចំពោះការដើរសុំនេះ ពួកគេក្នុងម្នាក់ៗអាចរកប្រាក់បាន ប្រហែលជាង10ម៉ឺនរៀលក្នុង១ថ្ងៃ ហើយក្នុងមួយសប្តាហ៍ពួកគេនាំគ្នាឡើងទៅផ្ទះម្តង នៅពេលអស់លុយក៏នាំគ្នាឡើងមកភ្នំពេញដើរសុំគេបន្តទៀត។

តើសកម្មភាពទាំងអស់នេះ យើងគួរគាំទ្រឲ្យមានក្នុងសង្គមដែរឬទេ? ដោយវាជាសិទ្ធសេរីភាពរបស់ពួកគាត់ ហើយក៏គ្មានច្បាប់ឯណាហាមមិនឲ្យដើរសុំលុយគេនោះទេ តែបើយើងគ្រប់គ្នាចូលរួមលុបបំបាត់ ដោយមិនធ្វើទាន តាមរូបភាពទាំងនេះ នោះពួកគាត់ពិតជាលែងមានកម្លាំងចិត្តនឹងដើរសុំលុយគេទៀតជាក់ជាមិនខាន ហើយសង្គមយើង ក៏នឹងមានភាពថ្លៃថ្នូរថែមមួយកម្រិតទៀតផងដែរ។ បើយើងចង់ធ្វើទាន គួរផ្តល់ទៅដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលតែងតែ ជួយព្យាបាលកុមារមិនរើសមុខនិងមិនគិតលុយ មណ្ឌលកុមារកំព្រា ព្រះសង្ឃដូនជីចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្ត ចាស់ជរាទុរគត៌ពុំមានទីពឹងដែលប្រឹងតស៊ូ រស់នៅដោយកម្លាំង ញើសឈាមពួកគាត់ និងសិស្សក្រីក្រដែលចេះតស៊ូរៀនសូត្រ ទើបទានរបស់យើង បានជាកុសល់ដល់ខ្លួនផង និងជាប្រយោជន៍ដល់សង្គមជាតិផង៕