កាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលបានលួចម៉ូតូម្តាយរបស់ខ្លួន។ ជនសង្ស័យ០២នាក់នោះមាន៖
១/ ឈ្មោះ ហុក ប៊ុនធា ភេទប្រុស អាយុ ២៣
២/ ឈ្មោះ មឿង មករា ភេទប្រុស អាយុ ២៥ឆ្នាំ
ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាននៅចំណុចម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនបាន ជនសង្ស័យទាំង ០២នាក់ខាងលើ យកមកសួរនាំរួចមក រូបគេបានសារភាពប្រាប់ សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេបានលួចម៉ូតូម្តាយចេញពីផ្ទះពិតប្រាកដមែន តែពុំមានបំណងយកទៅលក់ទេ បន្ទាប់មកពួកគេទាំង ០២នាក់ បានប្រាប់សមត្ថកិច្ចទៀតថា រូបគេស្គាល់ទីតាំងចែកចាយគ្រឿងញៀន ទើបនៅវេលាម៉ោង២១:០០នាទីយប់ថ្ងៃដដែល កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត ដែលជា អ្នកចែកចាញ ជួញដូរគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៣កញ្ចប់ នៅចំណុចបន្ទប់ជួលលេខ១ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមាន៖
១/ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ ស៊ិន សុមុត្រា ភេទប្រុស អាយុ ២០ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។